- Pheakdey
- អន្តរជាតិ
សិង្ហបុរី៖ ក្រសួងសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox នៅក្នុងសហគមន៍ជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃពុធ ទី៦ ខែកក្កដានេះ។ ករណីឆ្លងជំងឺអុតស្វា Monkeypox ដំបូងនៅលើទឹកដីសិង្ហបុរីនោះគឺត្រូវបានរកឃើញចំពោះបុរសជនជាតិម៉ាឡេស៊ីម្នាក់ អាយុ ៤៥ឆ្នាំ ដែលទទួលបានសិទ្ធរស់នៅក្នុងប្រទេសសិង្ហបុរី ហើយលទ្ធផលតេស្តវិជ្ជមានរបស់អ្នកជំងឺរូបនេះត្រូវបានបញ្ជាក់ដោយអាជ្ញាធរសុខាភិបាលសិង្ហបុរីនៅល្ងាចថ្ងៃពុធ ម្សិលមិញនេះ។ បន្ទាប់ពីបានរកឃើញលទ្ធផលវិជ្ជមានចំពោះអ្នកជំងឺរូបនេះហើយ អាជ្ញាធរសុខាភិបាលសិង្ហបុរីក៏បានសម្រេចដាក់ឲ្យមនុស្សចំនួន ៣នាក់ផ្សេងទៀតដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺត្រូវធ្វើចត្តាឡីស័ករយៈ ២១ថ្ងៃផងដែរ ដោយក្នុងចំណោមអ្នកពាក់ព័ន្ធទាំងនោះគឺមាន ២នាក់ជាសមាជិកគ្រួសាររបស់អ្នកជំងឺ និងម្នាក់ទៀតជាមនុស្សដែលបានជួបគ្នានៅទីសាធារណៈ។ ចំពោះអ្នកជំងឺវិញគឺត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងបន្ទប់មន្ទីរពេទ្យដាច់ដោយឡែកមួយ ហើយតាមក្រុមគ្រូពេទ្យសិង្ហបុរីបានបញ្ជាក់ថា អ្នកជំងឺនឹងត្រូវការពេលក្នុងចន្លោះពី ២-៤ សប្តាហ៍ទើបអាចជាសះស្បើយពីជំងឺនេះបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
July 7, 2022 - អន្តរជាតិ
វៀតណាម៖ សភាជាតិវៀតណាមនៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដានេះបានអនុម័តលើគម្រោងកាត់បន្ថយពន្ធបរិស្ថានលើប្រេងឥន្ទនៈចំនួន ៥០% ដើម្បីឆ្លើយតបនឹងវិបត្តិនៃការកើនឡើងតម្លៃប្រេងឥន្ទនៈសកល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ សេចក្តីអនុម័តលើគម្រោងខាងលើនេះនឹងផ្តើមមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១១ ខែកក្កដានេះរហូតដល់ចុងឆ្នាំ ២០២២ ខណៈការអនុម័តមួយនេះគឺជាការសម្រេចបន្ថយពន្ធបរិស្ថានលើប្រេងឥន្ទនៈរបស់រដ្ឋាភិបាលវៀតណាមលើកទី ២ហើយ បើគិតនៅក្នុងរយៈពេល ៣ខែចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា ក្រោយកាត់បន្ថយអស់ពាក់កណ្តាលរួចហើយតម្លៃពន្ធបរិស្ថានលើប្រេងសាំង និងប្រេងម៉ាស៊ូតនៅក្នុងប្រទេសវៀតណាមនឹងត្រូវធ្លាក់មកសល់ត្រឹម ១,០០០ ដុង (០,០៤២៨ដុល្លារអាមេរិក) សម្រាប់ប្រេងម៉ាស៊ូត/សាំង ១លីត្រ។ ដោយឡែកចំពោះតម្លៃពន្ធលើប្រេងឥន្ទនៈសម្រាប់យន្តហោះត្រូវបានបញ្ចុះចំនួន ៥០០ដុង (០,០២១៤ដុល្លារអាមេរិក)ក្នុង ១លីត្រ ដែលធ្វើឲ្យតម្លៃពន្ធចុងក្រោយនៅសល់ត្រឹម ១,០០០ដុងក្នុង ១លីត្រផងដែរ។ យ៉ាងណាក្តី តម្លៃពន្ធលើប្រេងកាតនឹងរក្សានៅដដែល
July 6, 2022 - អន្តរជាតិ
របាយការណ៍មួយរបស់អង្គការសុខភាពពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៥ ខែកក្កដាម្សិលមិញនេះបានបង្ហាញថា ករណីឆ្លងជំងឺអុតស្វា Monkeypox នៅទូទាំងពិភពលោកបានកើនឡើងដល់ចំនួន ៥,៣២២ ករណីហើយ។ នៅក្នុងរបាយការណ៍ ដែលបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Straits Times នោះក៏បានបង្ហាញផងដែរថា ប្រមាណជា ៨៥% នៃករណីឆ្លងសរុប គឺត្រូវបានរកឃើញនៅក្នុងតំបន់អឺរ៉ុប ហើយក្នុងនោះក៏មានករណីអ្នកស្លាប់ ដោយជំងឺអុតស្វា Monkeypox ចំនួន ១នាក់ ផងដែរ។ បើតាមលោក Fadela Chaib ដែលជាអ្នកនាំពាក្យអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា របាយការណ៍ខាងលើនេះ គឺជាតួលេខអ្នកឆ្លងជំងឺអុតស្វា Monkeypox ដែលត្រូវបានរាប់ចាប់ពីថ្ងៃទី១ ខែមករា មកដល់ថ្ងៃទី៣០ ខែមិថុនា
July 6, 2022 - អន្តរជាតិ
ម៉ាកាវ៖ អាជ្ញាធរក្រុងម៉ាកាវបានសម្រេចបិទខ្ទប់អាគារដែលជានិមិត្តរូបសំខាន់បំផុតនៃទីក្រុងខ្លួនហើយ ក្រោយបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ជាច្រើនករណីនៅទីនោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដានេះ។ អាគារដែលជានិមិត្តរូបដំណាងឲ្យទីក្រុងម៉ាកាវនោះគឺសណ្ឋាគារ Grand Lisboa ដែលជាមជ្ឈមណ្ឌលផ្តល់សេវាលេងល្បែងស៊ីសងធំបំផុតនៅលើពិភពលោក និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនិងសំខាន់បំផុតសម្រាប់ទីក្រុងម៉ាកាវផងដែរ។ ការសម្រេចបិទខ្ទប់ទីតាំងដែលជាចរន្តសេដ្ឋកិច្ចដ៏ចម្បងនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរម៉ាកាវបានរកឃើញ ករណីឆ្លងជំងឺកូវីដ-១៩ជាង ១០ករណីនៅទីនោះកាលពីថ្ងៃអង្គារ ទី៥ ខែកក្កដាម្សិលមិញនេះ។ គួររម្លឹកជូនថា គិតចាប់តាំងពីពាក់កណ្តាលខែមិថុនាមកម៉ាកាវបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ជាង ៩០០ករណីហើយ ដែលវាជាតួលេខអ្នកឆ្លងដ៏ច្រើនបំផុតមិនធ្លាប់បានផងដែររាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ជាលើកដំបូងមក។ នៅចំពោះមុខស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ដ៏ច្រើននេះ អាជ្ញាធរក្រុងម៉ាកាវបានសម្រេចបិទខ្ទប់ទីតាំងសំខាន់ៗមួយចំនួន និងដាក់ឲ្យពលរដ្ឋជាង ១៣,០០០នាក់ត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែម៉ាកាវនៅមិនទាន់រកឃើញករណីស្លាប់ដោយជំងឺកូវីដ-១៩នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
July 6, 2022 - អន្តរជាតិ
ចិន៖ សាកសពមនុស្សចំនួន ១២នាក់ត្រូវបានរកឃើញនៅលើដែនសមុទ្រចិនខាងត្បូងបន្ទាប់ពីកើតមានហេតុការណ៍លិចកប៉ាល់មួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃចន្ទ ទី៤ ខែកក្កដា ម្សិលមិញនេះ។ បើតាមមជ្ឈមណ្ឌលស្រាវជ្រាវនិងជួយសង្គ្រោះតាមសមុទ្រក្វាងទុងបានបញ្ជាក់ថា កប៉ាល់ដែលបានលិចនោះជាកប៉ាល់វិសកម្មរបស់អាជ្ញាធរចិន បានរងនូវការវាយប្រហារដោយខ្យល់ព្យុះទីហ្វុងដ៏កាចសាហាវមួយកាលពីអំឡុងថ្ងៃអាទិត្យកន្លងទៅហើយបានបាក់ជាពីរកំណាត់និងលិចកាលពីព្រឹកព្រលឹមថ្ងៃចន្ទ ដើមសប្តាហ៍នេះ នៅចម្ងាយប្រមាណជា ២៩៦គីឡូម៉ែត្រពីទីក្រុងហុងកុង។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺនៅមានមនុស្សចំនួន ៣០នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន ខណៈគេមិនរំពឹងថាអ្នកបាត់ខ្លួនទាំងអស់នោះមានសំណាងនៅរស់មានជីវិតនោះទេ។ យ៉ាងណាក្តី ប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅតែបន្តធ្វើឡើងយ៉ាងសកម្មបំផុត ដោយគិតត្រឹមពេលនេះអាជ្ញាធរបានដាក់ពង្រាយឧទ្ធម្ភាគចក្រចំនួន ៧គ្រឿង ទូកដឹកអ្នកដំណើរចំនួន ២៤៦គ្រឿង ទូកនេសាទចំនួន ៤៩៦គ្រឿង និងក្រុមអ្នកជួយសង្គ្រោះដែលមានជំនាញខ្ពស់ជាច្រើននាក់ដើម្បីធ្វើអន្តរាគមន៍ជុំវិញករណីគ្រោះថ្នាក់ដ៏អាណោចអាធ័មមួយនេះ។ បើតាមការសន្និដ្ឋានរបស់ក្រុមអ្នកសង្គ្រោះគឺកប៉ាល់វិសកម្មខាងលើនេះត្រូវបានរងនូវការវាយប្រហារដោយរលកទឹកកម្ពស់ ១០ម៉ែត្រ ដែលបានបោកបក់ក្នុងល្បឿនប្រមាណជា ១៤៤គីឡូម៉ែត្រក្នុងមួយម៉ោង៕
July 5, 2022 - អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងការបាញ់ប្រហារមួយក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី៤ ខែកក្កដាម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ហេតុការណ៍បានកើតឡើងនៅមុខឧទ្យាន Highland Park ខណៈដែលក្រុមជនរងគ្រោះនិងពលរដ្ឋអាមេរិកជាច្រើនអ្នកផ្សេងកំពុងហែក្បួនដើម្បីប្រារព្ធពិធីបុណ្យឯករាជ្យ។ ក្រៅតែពីមានអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅមានមនុស្សចំនួន ៣៦នាក់ផ្សេងទៀតដែលបានរងរបួសនិងត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។ ក្រោយពេលកើតហេតុប៉ូលិសប្រចាំទីក្រុង Chicago បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Robert E Crimo III អាយុ ២២ឆ្នាំ ហើយជនសង្ស័យបានប្រើប្រាស់កាំភ្លើងដ៏ទំនើបមួយគ្រឿងនិងធ្វើការបាញ់ចេញពីលើដំបូលផ្ទះមួយកន្លែងសំដៅមកកាន់ហ្វូងមនុស្សនៅលើដងផ្លូវ។ ក្នុងអំឡុងពេលនេះប៉ូលិសជំនាញអាមេរិកក៏កំពុងបន្តបើកស៊ើបអង្កេតជុំវិញករណីនេះបន្ថែមទៀតផងដែរ ដើម្បីបន្តស្វែងរកជនពាក់ព័ន្ធនិងទប់ស្កាត់ការប៉ុនប៉ងធ្វើសកម្មភាពដូចគ្នានៅពេលបន្ទាប់ទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
July 5, 2022 - អន្តរជាតិ
អូស្រ្តាលី៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកក្កដានេះអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអូស្រ្តាលីបានចេញបទបញ្ជាឲ្យពលរដ្ឋនៅក្នុងទីក្រុងស៊ីដនីរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាពពីគ្រោះទឹកជំនន់ដ៏ធំមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា បទបញ្ជារបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអូស្រ្តាលីត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីក្រុមអ្នកជំនាញបានពិនិត្យឃើញថា កម្ពស់ទឹកនៅតាមទន្លេបានឡើងខ្ពស់ខ្លាំងរហូតមានទឹកទន្លេត្រូវហូរហៀរមកលើដីជាបណ្តើរៗហើយ ខណៈទំនប់ដ៏ធំបំផុតនៅក្នុងទីក្រុងវិញក៏កំពុងមានចរន្តទឹកហូរបុកយ៉ាងខ្លាំងផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអូស្ត្រាលីបានបញ្ជាក់ថា យោងតាមស្ថានភាពកម្ពស់ទឹកដូចបានជម្រាបជូនខាងលើនេះបូកផ្សំជាមួយកត្តាអាកាសធាតុនៅក្នុងទីក្រុងទៀតនោះគឺគេអាចព្យាករណ៍បានថា ទឹកអាចនឹងជន់លិចចូលក្នុងទីក្រុងក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយវានឹងបង្កឲ្យមានគ្រោះថ្នាក់ចំពោះពលរដ្ឋមួយចំនួនផងដែរ ប្រសិនបើពួកគេមិនបានជម្លៀសខ្លួនឲ្យពេលវេលានោះទេ។ គួរបញ្ជាក់ជូនថា ភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងនៅតាមតំបន់មាត់ឆ្នេរក្នុងប្រទេសអូស្រ្តាលីអស់រយៈពេល ៣ថ្ងៃមកហើយ ខណៈនៅក្នុងរយៈពេល ១២ម៉ោងចុងក្រោយនេះអាជ្ញាធរបានជួយសង្គ្រោះជីវិតមនុស្សសរុបចំនួន ២០នាក់នៅក្នុងរដ្ឋ New South Wales ក្រោយពួកគេបានជាប់នៅក្នុងរថយន្តដែលត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងលឿនបំផុត៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
July 4, 2022 - អន្តរជាតិ
ស្រីលង្កា៖ ប្រទេសស្រីលង្កាបានជូនដំណឹងកាលពីល្ងាចថ្ងៃអាទិត្យ ទី៣ ខែកក្កដាម្សិលមិញនេះថា រដ្ឋាភិបាលបានសម្រេចផ្អាកការដឹកជញ្ជូនសាធារណៈហើយ ក្រោយប្រេងដែលអាជ្ញាធរបានរក្សាទុកកាន់តែជិតអស់ពីក្នុងស្តុក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមលោក Kanchana Wijesekera ដែលជារដ្ឋមន្ត្រីក្រសួងថាមពលនៃប្រទេសស្រីលង្កាបានបញ្ជាក់ថា គិតត្រឹមពេលនេះរដ្ឋាភិបាលនៅសល់ប្រេងបម្រុងទុកប្រមាណជា ៤,០០០តោនប៉ុណ្ណោះ ពោលគឺបរិមាណនេះមិនគ្រប់គ្រាន់សម្រាប់ប្រើប្រាស់បានមួយថ្ងៃផង បើធៀបទៅនឹងថ្ងៃទូទៅដែលមានតម្រូវការនៃការប្រើប្រាស់ប្រេងសាំងជាធម្មតានៅទូទាំងប្រទេស។ ប្រភពខាងលើបានបន្តថា ជាច្រើនថ្ងៃមកហើយដែលនៅតាមស្ថានីយ៍លក់ប្រេងឥន្ទនៈជាច្រើននៅក្នុងប្រទេសស្រីលង្កាត្រូវបិទទ្វារ ព្រោះតែគ្មានប្រេងសាំងសម្រាប់លក់ជូនអតិថិជន ខណៈមានស្ថានីយ៍លក់ប្រេងឥន្ទនៈមួយចំនួនតូចប៉ុណ្ណោះនៅក្នុងទីក្រុងដែលអាចនៅបន្តដំណើរការបាន តែការលក់ប្រេងសាំងនោះត្រូវធ្វើឡើងដោយមានចំនួនកំណត់និងមានហេតុផលចាំបាច់ខ្លាំងសម្រាប់ប្រើប្រាស់ ខណៈអតិថិជនវិញត្រូវតម្រង់ជួររាប់គីឡូម៉ែត្រទើបអាចចូលទៅចាក់សាំងបាន។ សូមបញ្ជាក់ជូនថា ស្រីលង្កាបានកំពុងតែធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្រោយរដ្ឋាភិបាលនៃប្រទេសមួយនេះបានប្រកាសក្ស័យធន ព្រោះតែមិនអាចសងបំណុលគេរួច ហើយវិបត្តិដ៏ធំមួយនេះបានធ្វើឲ្យស្រីលង្កាត្រូវជួបប្រទះបញ្ហាប្រឈមធំៗជាច្រើនរួមទាំងបញ្ហាខ្វះខាតប្រេងសាំងសម្រាប់ប្រើប្រាស់នេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 4, 2022 - អន្តរជាតិ
អ៊ុយក្រែន៖ នាយករដ្ឋមន្ត្រីនៃប្រទេសអូស្រ្តាលីលោក Anthony Albanese កាលពីថ្ងៃអាទិត្យ ទី៣ ខែកក្កដាម្សិលមិញនេះបានប្រកាសថា នឹងឈប់នាំចូលប្រេងពីប្រទេសរុស្ស៊ីហើយ ដែលការសម្រេចនេះគឺជាផ្នែកមួយសម្រាប់ប្រឆាំងទៅនឹងសកម្មភាពឈា្លនពានរបស់រុស្ស៊ីទៅកាន់ប្រទេសអ៊ុយក្រែន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសិទ្ធសារព័ត៌មានផ្លូវការមួយ ដែលលោក Anthony Albanese បានធ្វើឡើងចេញពីទីក្រុងកៀវក្នុងឱកាសដែលបានលោកអញ្ជើញទៅធ្វើទស្សនៈកិច្ចក្នុងប្រទេសអ៊ុយក្រែន ខណៈសេចក្តីថ្លែងការនោះត្រូវបានធ្វើងនៅចំពោះមុខលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ផ្ទាល់តែម្តង។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានដាក់ទណ្ឌកម្មរុស្ស៊ីតាមរយៈសកម្មភាពឈប់ទិញប្រេង លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីក៏បានប្រកាសធ្វើការហាមឃាត់មហាសេដ្ឋីរុស្ស៊ីចំនួន ១៦នាក់បន្ថែមទៀតមិនឲ្យធ្វើដំណើរចូលមកកាន់ប្រទេសខ្លួនផងដែរ ដែលធ្វើឲ្យចំនួនមហាសេដ្ឋីរុស្ស៊ីសរុបត្រូវរងទណ្ឌកម្មពីរដ្ឋាភិបាលអូស្រ្តាលីកើនដល់ចំនួន ៨៤៣នាក់នាក់ហើយបើគិតត្រឹមពេលនេះ។ នៅក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Anthony Albanese ក៏បានប្រកាសផ្តល់ជំនួយយោធាសំខាន់មួយចំនួនឲ្យទៅប្រទេសអ៊ុយក្រែនផងដែរ ដោយនៅក្នុងកញ្ចប់ជំនួយនោះមានដូចជា រថពាសដែកប្រភេទ
July 4, 2022 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ របាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយកាសែត Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២ ខែកក្កដានេះបានបង្ហាញ ពលរដ្ឋឥណ្ឌូនេស៊ីដែលកំពុងរស់នៅក្នុងទីក្រុងចាកាតាកាន់តែច្រើនឡើងបាននាំគ្នាជីកអណ្តូងសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ បន្ថែមពីលើប្រព័ន្ធទឹកដែលត្រូវបានផ្គត់ផ្គង់ដោយអាជ្ញាធរ។ និន្នាការថ្មីសម្រាប់ពលរដ្ឋរស់នៅក្នុងទីក្រុងដ៏ទំនើបនេះបានផ្តើមកើតមាននៅអំឡុងឆ្នាំ ២០១៩ ក្រោយពេលប្រព័ន្ធទឹករបស់រដ្ឋមិនអាចផ្តល់ទឹកគ្រប់គ្រាន់និងមានគុណភាពសម្រាប់ពួកគាត់ប្រើប្រាស់ប្រចាំថ្ងៃ។ បញ្ហាដែលពលរដ្ឋនៅក្រុងចាកាតាតែងជួបប្រទះជាញឹកញាប់នោះគឺត្រូវដាច់ទឹកក្នុងរយៈពេលយូរ ហើយពេលខ្លះទឹកដែលបានបើកចេញពីក្បាលរ៉ូប៊ីនេនៅតាមផ្ទះនោះគឺមានពណ៌ល្អក់ខុសធម្មតា និងមានផ្ទុកនូវសារធាតុក្លរីនយ៉ាងច្រើនយ៉ាងច្រើនទៀតផង។ ខណៈដែលការជីកអណ្តូងបានក្លាយជាជម្រើសថ្មីរបស់ប្រជាពលរដ្ឋនោះ ក្រុមអ្នកជំនាញបានមើលឃើញថា សកម្មភាពនេះនឹងធ្វើឲ្យក្រុងចាកាតាត្រូវលិចទឹកកាន់តែឆាប់រហ័ស និងបង្កឲ្យមានហានិភ័យរយៈពេលវែងសម្រាប់ពលរដ្ឋទូទាំងទីក្រុងផងដែរ។ បើតាមក្រុមអ្នកជំនាញឥណ្ឌូនេស៊ីបានលើកឡើងថា នាពេលបច្ចុប្បន្ននេះមានពលរដ្ឋក្នុងក្រុងចាកាតាប្រមាណជា ៩០%រួចទៅហើយ ដែលត្រូវរស់នៅក្រោមកម្រិតនីវ៉ូទឹកសមុទ្រ ពោលគឺរស់នៅក្នុងតំបន់ដែលងាយប្រឈមការកើតមានបញ្ហាទឹកជំនន់។ ហេតុដូចនេះហើយទើបសកម្មភាពជីកអណ្តូងរបស់ប្រជាពលរដ្ឋក្លាយជាសម្ពាធបន្ថែមមួយទៀត ដែលជំរុញឲ្យក្រុងចាកាតាក្លាយជាទីក្រុងទំនើបនិងត្រូវលិចទឹកឆាប់បំផុតជាងគេនៅក្នុងពិភពលោក៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
July 2, 2022









