- Pheakdey
- អន្តរជាតិ
មិចស៊ីកូ៖ សត្វបក្សីរាប់រយក្បាលបានធ្លាក់មកពីលើមេឃនិងបានបាត់បង់ជីវិតរាយប៉ាយពេញដងផ្លូវដោយមិនដឹងមូលហេតុនៅក្នុងប្រទេសមិចស៊ីកូ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ម្សិលមិញនេះ។ ប្រភពបានបន្តថា ហេតុការណ៍នេះត្រូវបានគេប្រទះឃើញនៅតាមបណ្ដោយផ្លូវក្នុងតំបន់ Alvaro Obregon ក្រុង Cuauhtemoc នៃរដ្ឋ Chihuahua ដែលជារដ្ឋស្ថិតនៅតំបន់ភាគខាងជើងឆៀងខាងត្បូងនៃប្រទេសមិចស៊ីកូ។ សត្វបក្សីដែលបានបាត់បង់ជីវិតបន្តបន្ទាប់គ្នានោះភាគច្រើនជាប្រភេទបក្សី ដែលមានខ្លួនខ្មៅ និងក្បាលលឿន ហើយតាមការសង្កេតមើលគឺក្រុមបក្សីទាំងនេះបានធ្វើការហោះហើរចេញមកពីប្រទេសកាណាដាឆ្ពោះទៅតំបន់ភាគខាងត្បូងនៃប្រទេសមិចស៊ីកូ ដើម្បីស្វែងរកជំរកថ្មីនៅទីនោះ។ ចំពោះមូលហេតុនៃការបាត់បង់ជីវិតវិញត្រូវបានគេសន្និដ្ឋានជាបឋមថា ក្រុមបក្សីទំនងជាពុលនឹងផ្សែងដែលបានភាយចេញពីម៉ាស៊ីនកម្ដៅ ឬអាចឆក់ខ្សែភ្លើងក្នុងពេលដែលពួកវានាំគ្នាទៅទំនៅលើខ្សែភ្លើងឬបង្គោលភ្លើងណាមួយដែលមានចរន្តអគ្គិសនីឆ្លងកាត់។ យ៉ាងណាក្តី ការសន្និដ្ឋាននេះគឺត្រូវបានធ្វើឡើងដោយគ្មានភស្តុតាងជាក់លាក់នោះ ហើយពេលនេះអាជ្ញាធរមិចស៊ិកូកំពុងធ្វើការស៊ើបអង្កេតជុំវិញករណីឲ្យបានស៊ីជម្រៅផងដែរ ដើម្បីស្វែករកឲ្យឃើញការពិតដែលបង្កសត្វបក្សីរាប់រយក្បាលត្រូវបាត់បង់ជីវិតបន្តបន្ទាប់គ្នាយ៉ាងចម្លែកដូចនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail
February 15, 2022 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈម្សិលមិញនេះបានឲ្យដឹងថា អាជ្ញាធរឥណ្ឌូនេស៊ីនឹងកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិពី ៥ថ្ងៃ មកដល់ត្រឹម ៣ថ្ងៃប៉ុណ្ណោះ ដោយវិធានការថ្មីនេះនឹងត្រូវផ្តើមអនុវត្តនៅដើមសប្តាហ៍ក្រោយនឹងអនុវត្តចំពោះក្រុមអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ចំនួន ៣ដូស។ បើតាមលោក Luhut Panjaitan ដែលជាសមាជិកគណៈរដ្ឋមន្ត្រីទទួលបន្ទុកឆ្លើយតបជំងឺរាតត្បាតនៅកោះចាវ៉ានិងកោះបាលីបានឲ្យដឹងទៀតថា រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏កំពុងពិចារណាលុបចោលវិធានការធ្វើចត្តាឡីស័កទាំងស្រុងតែម្តងនៅក្នុងខែមេសាខាងមុខនេះ។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីរូបនេះបានបន្តថា គម្រោងលុបចោលការធ្វើចត្តាឡីស័កត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ដែលត្រូវទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌូនេស៊ីបានថយចុះនៅត្រឹមកម្រិតដែលគេអាចគ្រប់គ្រងបាន ខណៈផែនការនេះក៏ត្រូវបានដាក់ចេញក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍អន្តរជាតិផងដែរ ដ្បិតវិស័យនេះគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិឥណ្ឌូនេស៊ី។ គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈម្សិលមិញនេះអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ជាង ៣ពាន់នាក់និងស្លាប់ជាង ១រយនាក់ប៉ុណ្ណោះ ខណៈនាពេលកន្លងតួលេខអ្នកស្លាប់ ប្រចាំថ្ងៃនៅឥណ្ឌូនេស៊ីមានរហូតដល់ខ្ទង់រាប់ពាន់ឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
February 15, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ម្សិលមិញនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ជូនពលរដ្ឋខ្លួននៅចុងខែនេះហើយ។ ទន្ទឹមនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៤ជូនពលរដ្ឋខ្លួន អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានត្រៀមផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តរហ័សរាប់លានផងដែរ ដើម្បីផ្តល់ភាពងាយស្រួលឲ្យប្រជាពលរដ្ឋអាចយកទៅធ្វើតេស្តបានដោយឯងនៅតាមផ្ទះក្នុងករណីសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ ពីអ្នកណាម្នាក់។ ប្រភពខាងលើបានបន្តថា ផែនការទាំង ២របស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងដែលបានដាក់ចេញព្រមគ្នានេះគឺត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ បំប្លែងខ្លួនប្រភេទអូមីក្រុងដែលកំពុងបង្កការចម្លងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសកូរ៉េខាងត្បូង។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះមានពលរដ្ឋកូរ៉េខាងត្បូងប្រមាណជា ៨៥% បានចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ដូស និង ៥៥% បានចាក់រហូតដល់ដូសជម្រុញ ខណៈកូរ៉េខាងត្បូងមានពលរដ្ឋសរុបចំនួន ៥២លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
February 15, 2022 - អន្តរជាតិ
ថៃ៖ អ្នកជំនាញផ្នែកសុខភាពថៃបានធ្វើការព្រមានថា អាហារសមុទ្រមួយប្រភេទដែលកំពុងល្បីខ្លាំងនៅតាមបណ្តាញសង្គមក្នុងប្រទេសថៃអាចបង្កគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ អាហារដែលកំពុងទទួលបានការពេញនិយមខ្លាំងក្នុងចំណោមពលរដ្ឋថៃនោះមានឈ្មោះថា “Squid shots” ដែលជាការញ៉ាំមឹកតូចៗទាំងរស់ដោយដាក់បន្ថែមនូវទឹកជ្រលក់មានរសជាតិហឹរដាក់នៅក្នុងកូនកែវតូចៗ។ បើតាមលោកវេជ្ជបណ្ឌិត Pakpoom Dejhasadin ដែលជាអ្នកបច្ចេកទេសវេជ្ជសាស្ត្រនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនិងនៅសមាគមកាកបាទក្រហមថៃបានឲ្យដឹងថា “Squid shots” មានភាពទាក់ទាញនិងមានរសជាតិឆ្ងាញ់ តែវាក៏អាចបង្កគ្រោះថ្នាក់ចំពោះសុខភាពអ្នកទទួលទានផងដែរ ព្រោះមឹករស់ដែលគេញ៉ាំនោះអាចមានផ្ទុកនូវព្រូនប្រវែងពី ២-៥ សង់ទីម៉ែត្រ និងបាក់តេរីអាក្រក់យ៉ាងច្រើនផងដែរ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា បាក់តេរីអាក្រក់ដែលមាននៅក្នុងមឹកនោះអាចធ្វើឲ្យអ្នកទទួលទានមានអាការៈដូចជា ក្អួត វិលមុខ ឈឺក្បាល ឈឺពោះ រាគ និងញ័រខ្លួនជាដើម ក្រោយពេលញ៉ាំបាន ១២-២៤ ម៉ោង។ លោកអ្នកអាចទស្សនាសកម្មភាពនៃការទទួលទានអាហារដែលកំពុងពេញនិយមនេះដូចក្នុងវីដេអូខាងក្រោម៖
February 14, 2022 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ រលកសមុទ្របានឆក់យកជីវិតពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១០នាក់ដែលកំពុងអង្គុយធ្វើសមាធិនៅលើមាត់ឆ្នេរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃអាទិត្យ ទី ១៣ ខែកុម្ភៈម្សិលមិញនេះ។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយឆ្នេរសមុទ្រ Payangan ស្ថិតនៅក្នុងខេត្ត East Java ហើយបានកើតឡើងនៅពាក់កណ្តាលយប់ថ្ងៃសោរ៍ ទី១២ ខែកុម្ភៈ និងបានឆ្លងចូលថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈបានបន្តិចប៉ុណ្ណោះ។ ប្រភពបានបន្តថា ក្រុមអ្នកធ្វើសមាធិទាំងពាក់កណ្តាលយប់នេះមានចំនួនសរុប ២៣នាក់ ដែលសុទ្ធតែជាអ្នកកាន់សាសនាឥស្លាម តែគេមិនបានដឹងច្បាស់ថាពិធិសមាធិដែលពួកគាត់បានធ្វើនោះជាពិធីបែបសាសនាអ្វីឲ្យប្រាកដនោះទេ ដ្បិតនៅតំបន់កើតហេតុនោះមានអ្នកកាន់សាសនាឥស្លាមច្រើននិកាយណាស់ ។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា ទឹករលកបានបោកបក់មកកាន់ឆ្នេរក្នុងកម្ពស់ក៏ខ្ពស់មួយនិងបានទាញយកក្រុមជនរងគ្រោះទាំងអស់ចូលទៅក្នុងសមុទ្រ ហើយខណៈពេលនោះគឺក្រុមជនរងគ្រោះកំពុងអង្គុយបិទភ្នែកធ្វើសមាធិទើបមិនបានត្រៀមការពារខ្លួនពីការវាយប្រហារដោយទឹករលកទាល់តែសោះ។ គិតត្រឹមពេលនេះក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះចំនួន ១០នាក់ សង្គ្រោះជីវិតបាន ១២នាក់ និងម្នាក់ទៀតកំពុងបាត់ខ្លួន៕
February 14, 2022 - អន្តរជាតិ
វៀតណាម៖ ប្រទេសវៀតណាមបានសម្រេចលុបចោលវិធានការរឹតបន្តឹងជើងហោះហើរអន្តរជាតិហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី ១៣ ខែកុម្ភៈម្សិលមិញនេះ។ ការសម្រេចលុបចោលវិធានការតឹងរឹងចំពោះអ្នកដំណើរអន្តរជាតិនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈនេះតទៅនិងត្រូវអនុវត្តចំពោះអ្នកដំណើរមកពីគ្រប់បណ្តាប្រទេសទាំងអស់ដោយមិនគិតថាប្រទេសនោះមានហានិភ័យនៃការរាតត្បាតជំងឺកូវីដ-១៩ កម្រិតខ្ពស់ឬទាបនោះទេ។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា ចាប់ពីពាក់កណ្តាលខែកុម្ភៈនេះតទៅគឺវៀតណាមនឹងបើកច្រកព្រំដែនប្រទេសទទួលជើងហោះហើរជាធម្មតាវិញ ពោលគឺលែងកំណត់ចំនួនជើងហោះហើរទៀតហើយ ខណៈអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចត្រូវកំណត់ឲ្យធ្វើចត្តាឡីស័កក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។ ការសម្រេចនេះត្រូវបានធ្វើឡើងក្នុងគោលបំណងស្តារវិស័យទេសចរណ៍អន្តរជាតិឡើងវិញ ដ្បិតវិស័យនេះអាចជួយបង្កើតប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិវៀតណាមប្រមាណជា ១០% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាមផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបប្រមាណជា ២,៥លាននាក់ និងស្លាប់ប្រហែល ៣៩,០០០នាក់។ ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩វិញគឺអាជ្ញាធរវៀតណាមអាចសម្រេចការចាក់វ៉ាក់សាំងចំនួន ២ដូសជូនពលរដ្ឋខ្លួនបានចំនួន ៩៨% នៃពលរដ្ឋសរុបចំនួន ៩៨លាននាក់៕ អត្ថបទ៖
February 14, 2022 - អន្តរជាតិ
ចិន៖ និយតករផលិតផលវេជ្ជសាស្រ្តរបស់ប្រទេសចិននៅព្រឹកថ្ងៃសោរ៍ ទី១២ ខែកុម្ភៈនេះ បានអនុម័តឲ្យមានការប្រើប្រាស់ថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រភេទ Paxlovid របស់ក្រុមហ៊ុនផលិតឱសថ Pfizer ជាផ្លូវការហើយ។ បើតាមការបញ្ជាក់របស់រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិចិនបានឲ្យដឹងថា ថ្នាំលេបប្រភេទ Paxlovid នេះនឹងត្រូវអនុញ្ញាតឲ្យប្រើប្រាស់ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ ជាពលរដ្ឋពេញវ័យដែលមានអាការៈមធ្យមឬមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍទៅកាន់ស្ថានភាពធ្ងន់ធ្ងរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះថ្នាំលេបប្រភេទ Paxlovid របស់ក្រុមហ៊ុនផលិតឱសថ Pfizer ត្រូវបានអនុម័តឲ្យមានការប្រើប្រាស់នៅក្នុងប្រទេសធំៗជាច្រើនមានដូចជា អាមេរិក អ៊ីស្រាអែល ក្រុមប្រទេសនៅតំបន់អឺរ៉ុប និងប្រទេសនៅតំបន់អាស៊ីមួយចំនួនផងដែរ។ តាមការសិក្សានាពេលកន្លងមកបានបង្ហាញថា ថ្នាំលេបប្រភេទ Paxlovid មានប្រសិទ្ធយ៉ាងខ្ពស់សម្រាប់ព្យាបាលជំងឺកូវីដ-១៩ បំប្លែងខ្លួនជាច្រើនទម្រង់ រួមទាំងមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖
February 12, 2022 - អន្តរជាតិ
ថៃ៖ នៅព្រឹកថ្ងៃសោរ៍ ទី១២ ខែកុម្ភៈនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦,៣៣០ នាក់ ខណៈចំនួននេះគឺមានការកើនឡើងបើធៀបទៅនឹងតួលេខអ្នកឆ្លងកាលពីថ្ងៃកន្លងទៅ។ ចំពោះករណីស្លាប់វិញគឺមានចំនួន ២៥នាក់ ដែលចំនួននេះមានការកើនឡើងបន្តិចដោយកាលពីថ្ងៃម្សិលមិញនេះតួលេខអ្នកស្លាប់នៅក្នុងប្រទេសថៃមានត្រឹមចំនួន ២៣នាក់ប៉ុណ្ណោះ។ បើតាមអជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់នោះគឺមានអ្នកឆ្លងចំនួន ១៦,១៨០នាក់ជាករណីឆ្លងនៅក្នុងសហគមន៍ក្នុងចំណោមពលរដ្ឋថៃ ខណៈអ្នកឆ្លងចំនួន ១៥០នាក់ផ្សេងទៀតជាករណីនាំចូលពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិ។ អាជ្ញាធរសុខាភិបាលថៃក៏បានឲ្យដឹងផងដែរថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ជាកុមារដែលមានអាយុចាប់ពី ៥-១១ឆ្នាំ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយកាលពីចន្លោះខែធ្នូ ឆ្នាំ២០២០ ដល់ ខែមីនា ឆ្នាំ២០២១ តួលេខអ្នកឆ្លងជាកុមារមាន ១% ហើយចាប់ពីចន្លោះខែមេសា -ឆ្នូ ឆ្នាំ២០២១ តួលេខបានកើនឡើងដល់
February 12, 2022 - អន្តរជាតិ
នូវែលសេឡង់៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១១ ខែកុម្ភៈបានឲ្យដឹងថា បាតុកម្មប្រឆាំងនឹងផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសនូវែលសេឡង់ (New Zealand) កាន់តែរីកធំនៅក្នុងរយៈពេល ៤ថ្ងៃចុងក្រោយនេះ ក្រោយប៉ូលិសបានសម្រេចធ្វើសកម្មភាពបង្ក្រាបក្រុមបាតុករ។ ក្បួនបាតុកម្មត្រូវបានធ្វើឡើងនៅក្បែរវិមានរដ្ឋសភារបស់រដ្ឋាភិបាលនូវែលសេឡង់ ដោយបាតុកម្មត្រូវបានធ្វើឡើងក្រោមប្រធានបទ “បោះជំរុំដើម្បីសេរីភាព” ។ ប្រភពខាងលើបានបន្តថា ក្រុមបាតុករបាននាំចាក់ភ្លេង រាំ ដើរជាក្បួន និងបោះតង់តាមដងផ្លូវ ហើយអាជ្ញាធរបានដាក់ពង្រាយក្រុមប៉ូលិសជាច្រើននាក់ដើម្បីការពារសុវត្ថិភាពសាធារណៈ។ ប៉ូលិសនូវែលសេឡង់បានបាញ់ស្រ្ពាយដើម្បីបំបែកហ្វូងបាតុករនិងបានឃាត់ខ្លួនបាតុករចំនួន ១១២នាក់ផងដែរ ព្រោះពួកគេបានធ្វើសកម្មភាពលើសពីសិទ្ធស្តីពីការធ្វើបាតុកម្មដោយអហិង្សា។ គួររម្លឹកថា បាតុកម្មបានផ្តើមកើតឡើងកាលពីថ្ងៃអង្គារដោយផ្តើមពីមនុស្សប្រមាណជា ២៥០នាក់ ហើយរហូតទល់នឹងថ្ងៃសុក្រ ទី១១ ខែកុម្ភៈនេះ ចំនួនបាតុករបានកើនឡើងប្រហែល ១៥,០០០នាក់៕
February 12, 2022 - អន្តរជាតិ
កាណាដា៖ ម្ចាស់អាជីវកម្មខ្នាតតូច ឬក្រុមអ្នកលក់ដូរខ្នាតតូចនៅក្នុងរដ្ឋធានីអូតាវានៃប្រទេសកាណាដាបានត្អូញត្អែរថា បាតុកម្មប្រឆាំងនឹងកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់ជីវកម្មរបស់ពួកគេខ្លាំងជាងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ទៅទៀត នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកុម្ភៈនេះ។ អ្នកស្រី Kiryakos អាជីវកម្នាក់នៅក្នុងផ្សារ Byward Market ដែលជាមជ្ឈមណ្ឌលលក់ទំនិញនិងវប្បធម៌ដ៏ធំនៅក្នុងនៅក្នុងទីក្រុងអូតាវាបានឲ្យដឹងថា អាជីវកម្មរបស់អ្នកស្រីនិងអាជីវកម្មជាច្រើនផ្សេងទៀតបានបិទទ្វារទាំងស្រុកតែម្តងតាំងពីចុងខែមករាមក ព្រោះតែក្នុងទីក្រុងត្រូវគ្រប់គ្រងដោយក្រុមបាតុករនិងក្រុមប៉ូលិសស្ទើរតែរាល់ថ្ងៃទៅហើយ។ អាជីវករូបនេះបានបន្តថា ចំពោះការខាតបង់របស់គាត់វិញគឺមានទំហំធំជាងផលប៉ះពាល់ក្នុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ទៅទៀត ព្រោះតែពេលនេះអាជីវកម្មត្រូវបិទដំណើរការទាំងស្រុងខណៈនាពេលកន្លងមកគាត់នៅអាចលក់បានខ្លះ ទោះមិនច្រើនដូចពេលគ្មានកូវីដ-១៩ក៏ដោយ។ លោកស្រ្តីបានបន្តថា គាត់ចង់ឃើញភាគីខាងរដ្ឋាភិបាលអាចស្វែងរកដំណោះស្រាយដ៏ល្អជាមួយនឹងក្រុមបាតុករ ដើម្បីជម្រុញឲ្យអាជីវកម្មខ្នាតតូចទាំងអស់នៅក្នុងក្រុងអូតាវាមានសកម្មភាពរស់រវើកឡើងវិញ។ គួររបញ្ជាក់ជូនថា ក្រុមបាតុករប្រមាណជា ១៥,០០០នាក់ បាននាំគ្នាធ្វើបាតុកម្មជាប្រចាំ ហើយពួកគេបានប្រើប្រាស់រថយន្តទ្រុងធំៗរាប់រយគ្រឿងដើម្បីបិទផ្លូវសំខាន់ៗក្នុងទីក្រុង ដើម្បីបង្ហាញគោលជំហរប្រឆាំងយ៉ាងដាច់ខាតចំពោះការតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩របស់រដ្ឋាភិបាលកាដាណា៕ អត្ថបទ៖
February 11, 2022









