- Pheakdey
- អន្តរជាតិ
សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានសម្រេចផ្តល់ប្រាក់សំណងចំនួន ១០,០០០ដុល្លារ ទៅកាន់រាល់អ្នកដំណើរដែលបានរងរបួសស្រាលក្នុងហេតុការណ៍យន្តហោះរលាក់ខ្លាំងនៅលើអាកាសនាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១១ ខែមិថុនា។ សម្រាប់អ្នករងរបួសធ្ងន់ធ្ងរវិញគឺនឹងត្រូវបានទទួលបានប្រាក់សំណងរហូតដល់ ២៥,០០០ដុល្លារ។ គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែឧសភាកន្លងទៅនេះ ខណៈក្នុងពេលកើតហេតុនោះយន្តហោះមានផ្ទុកអ្នកដំណើរចំនួន២១១នាក់ រួមជាមួយនិងក្រុមអ្នកបម្រើការងារនៅលើយន្តហោះចំនួន១៨នាក់ផងដែរ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់នោះមានអ្នកដំណើរជនជាតិអង់គ្លេសអាយុ ៧៣ឆ្នាំបានស្លាប់បាត់បង់ជីវិត ហើយអ្នកដំណើរដែលបានរងរបួសធ្ងន់មួយចំនួនត្រូវសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យក្រុងបាងកក បន្ទាប់ពីយន្តហោះបានសុំធ្វើការចុះចតជាបន្ទាន់នៅក្នុងប្រទេសថៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 11, 2024 - អន្តរជាតិ
វៀតណាម៖ យ៉ាងហោចណាស់មានពលរដ្ឋវៀតណាមចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃចន្ទ ទី១០ ខែមិថុនា។ ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងនៅវៀតណាមក្នុងពេលនេះគឺជាជំនន់ទឹកភ្លៀងដែលបានជន់លិចយ៉ាងឆាប់រហ័ស ក្រោយវៀតណាមបានទទួលសម្ពាធទឹកភ្លៀងក្នុងបរិមាណយ៉ាងច្រើននៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៣រូបនោះគឺជាពលរដ្ឋរស់នៅក្នុងទីក្រុង Ha Giang ប៉ែកខាងជើងនៃប្រទេសវៀតណាម ជាទីកន្លែងដែលបានទទួលរងនូវសម្ពាធទឹកភ្លៀងក្នុងបរិមាណជាមធ្យមចន្លោះពី ១០០-៣០០ mm ខណៈតំបន់ខ្លះបរិមាណទឹកភ្លៀងមានរហូតដល់ ៣៤៧ mm ឯណោះ។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា បរិមាណទឹកភ្លៀងនេះគឺជាបរិមាណដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ៥៩ឆ្នាំចុងក្រោយនេះ ហើយវាបានបង្កើតឱ្យមានទឹកជំនន់កម្ពស់រហូតដល់ ២ម៉ែត្រផងដែរ។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ឥទ្ធិពលរបស់ជំនន់ទឹកភ្លៀងក៏បានបង្កឱ្យមានបញ្ហាជាច្រើនផ្សេងទៀតផងដែរ ដូចជាមានតំបន់ខ្លះត្រូវប្រឈមនឹងបញ្ហាបាក់ដី ផ្លូវថ្នល់សំខាន់ៗជាច្រើនត្រូវបានកាត់ផ្តាច់ ហើយអគ្គិសនីនៅក្នុងតំបន់មួយចំនួនក៏ត្រូវកាត់ផ្តាច់ផងដែរ៕ អត្ថបទ៖
June 10, 2024 - អន្តរជាតិ
ហ្វីលីពីន៖ ប្រទេសហ្វីលីពីនបានសម្រេចធ្វើការហាមឃាត់សាច់បក្សី និងផលិតផលបសុបក្សីពីប្រទេសអូស្ត្រាលីជាបណ្តោះអាសន្ន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ការសម្រេចដ៏បន្ទាន់នេះ ត្រូវបានធ្វើឡើងក្រោយជំងឺផ្តាសាយបក្សីហាក់កំពុងតែមានការរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសអូស្រ្តាលីក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ សូមបញ្ជាក់ជូនថា ជំងឺផ្តាសាយបក្សីដែលកំពុងបង្កការគំរាមគំហែងនៅតាមកសិដ្ឋានក្នុងប្រទេសអូស្រ្តាលីនារយៈពេលថ្មីៗនេះ មានចំនួន ៣ប្រភេទ ដូចជា ប្រភេទ H7N3, ប្រភេទ H7N9 និងប្រភេទ H5N1 ដែលសុទ្ធតែជាមេរោគបំប្លែងខ្លួន។ ឆ្លើយតបនឹងការរាតត្បាតជំងឺផ្តាសាយបក្សីទ្រង់ទ្រាយធំនេះ អាជ្ញាធរអូស្រ្តាលី បានសម្លាប់សត្វមាន់ដែលគេចិញ្ចឹមសម្រាប់យកពងអស់ជាងកន្លះលានក្បាល ខណៈជំងឺផ្តាសាយបក្សី នៅមិនទាន់បង្កគ្រោះថ្នាក់ដល់ពលរដ្ឋអូស្រ្តាលីណាម្នាក់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
June 10, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបន្ថែមថ្ងៃឈប់សម្រាកសម្រាប់ “ព្យាបាលបញ្ហាគ្មានកូន” ឱ្យដល់ចំនួន ៦ថ្ងៃដើម្បីលើកទឹកចិត្តពលរដ្ឋខ្លួនសម្រេចចិត្តយកកូនឱ្យបានកាន់តែច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៨ ខែមិថុនា។ សូមបញ្ជាក់ថា នាពេលបច្ចុប្បន្នច្បាប់ឈប់សម្រាកពិសេសដែលប្រទេសមួយចំនួនគ្មានការអនុវត្តនេះគឺមានរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា គម្រោងបន្ថែមថ្ងៃឈប់សម្រាកពិសេសនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរកូរ៉េខាងត្បូងបានរកឃើញថា ក្រុមស្រ្តីដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងនៅតែខកខានមិនបានទទួលយកច្បាប់ពិសេសនេះ ព្រោះតែពេលវេលាហាក់ដូចជាខ្លីខ្លាំងពេកសម្រាប់ពួកគាត់ ឬក្រុមហ៊ុនខ្លះហាក់មិនមានការលើកចិត្តផ្សេងៗឱ្យបុគ្គលិកជាស្រ្តីទទួលបានច្បាប់នេះទេ។ តាមរយៈការបន្ថែមចំនួនថ្ងៃឈប់សម្រាកនេះអាជ្ញាធរកូរ៉េខាងត្បូងរំពឹងថា ពលរដ្ឋជាច្រើននឹងមានឱកាសសមស្របក្នុងការយកកូន ខណៈវិធានការនេះគឺជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនដែលរដ្ឋាភិបាលបានដាក់ចេញក្នុងគោលបំណងលើកទឹកចិត្តឱ្យពលរដ្ឋខ្លួនយកកូនឱ្យបានច្រើន។ សូមបញ្ជាក់ជូនថា ការធ្លាក់ចុះអាត្រាកំណើតឬអត្រាពលរដ្ឋកើតថ្មីបានកំពុងក្លាយជាបញ្ហាចម្បងមួយនៅក្នុងសង្គមកូរ៉េខាងត្បូង ដ្បិតពលរដ្ឋកូរ៉េខាងត្បូងកាន់តែច្រើនឡើងៗហាក់លែងមានអារម្មណ៍ចង់បានកូនព្រោះបញ្ហាពិបាកចិញ្ចឹមកូន ខណៈពលរដ្ឋនៅលីវជាច្រើនក៏មិនមានគម្រោងចង់រៀបការនិងបង្កើតគ្រួសារដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 8, 2024 - អន្តរជាតិ
ហាណូយ៖ អាជ្ញាធរក្រុងហាណូយបានដាក់ចេញនូវការណែនាំឱ្យមានការរឹតបន្តឹងលើសកម្មភាពជួញដូរសាច់ឆ្កែនិងសាច់ឆ្មាជាដាច់ខាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៨ ខែមិថុនា។ អនុនាយកដ្ឋានបសុព្យាបាល ជលផល និងបសុពេទ្យទីក្រុងហាណូយបានបញ្ជាក់ថា សេចក្តីណែនាំខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងការពារសុខភាពសាធារណៈនិងលើកកម្ពស់ក្រមសីលធម៌នៅក្នុងសង្គមផងដែរ។ ប្រភពខាងលើបានបន្តថា វិធានការតឹងរឹងដែលទីក្រុងហាណូយបានដាក់ចេញនៅពេលនេះក៏ជាផ្នែកមួយជម្រុញឱ្យមានការលុបបំបាត់សកម្មភាពទទួលទានសាច់ឆ្កែទាំងស្រុងនៅទូទាំងប្រទេសនៅពេលអនាគតផងដែរ។ គួរកត់សម្គាល់ថា វិធានការរបស់ទីក្រុងហាណូយបានលេចរូបរាងឡើងក្រោយអាជ្ញាធរសុខាភិបាលវៀតណាមបានរកឃើញករណីមានពលរដ្ឋឆ្លងជំងឺឆ្កែឆ្កួតចំនួន ១០២ករណី ដែលបានកើតឡើងនៅក្នុងខេត្តចំនួន ២៩ផ្សេងគ្នាកាលពីពេលថ្មីៗនេះ។ សូមបញ្ជាក់ជូនផងដែរថា សាច់ឆ្កែគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋវៀតណាមអស់រយៈពេលជាយូរឆ្នាំមកហើយ ដូចនេះការលុបបំបាត់វប្បធម៌ទទួលទានសាច់ប្រភេទនេះអាចមិនមែនជារឿងងាយស្រួលឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 8, 2024 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានចាប់ខ្លួនជនឧក្រិដ្ឋជនជាង ១៤,០០០នាក់នៅក្នុងប្រតិបត្តិការណ៍បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធ Online នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៨ ខែមិថុនា។ ករណីឆបោកទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើងក្នុងរូបភាពជាច្រើនដូចជា ក្រុមជនខិលខូចបានបង្កើតមជ្ឈមណ្ឌលហៅទូរស័ព្ទ (Call Center) បង្កើតគម្រោងដាក់ប្រាក់វិនិយោគក្លែងក្លាយ និងបង្កើតគេហទំព័រលេងល្បែងដើម្បីបោកយកប្រាក់ពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសថៃ។ បើតាមលោក Siriwat Depor ដែលជាអ្នកនាំពាក្យឱ្យស្ថាប័នប៉ូលិសថៃបានបញ្ជាក់ថា ជនខិលខូចដែលត្រូវបានប៉ូលិសចាប់ខ្លួនក្នុងរយៈពេល ៧ខែចុងក្រោយនេះមានចំនួនសរុប ១៤,៨២៦នាក់ ហើយនៅក្នុងការបង្រ្កាបនេះអាជ្ញាធរថៃក៏បានធ្វើការបង្កកទ្រព្យសម្បត្តិរបស់ក្រុមឧក្រិដ្ឋជនសរុបចំនួន ៤,៥៦ពាន់លានបាត (១២៣,៩៦៣,៦៤៥ ដុល្លារអាមេរិក) ផងដែរ។ អ្នកនាំពាក្យរូបនេះបានបន្តថា គិតត្រឹមពេលនេះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរថៃចំពោះករណីខាងលើនេះបានផ្តល់មកវិញនូវលទ្ធផលល្អៗចំនួន៣ រួមមាន ចាប់ខ្លួនឧក្រិដ្ឋជនដែលជាមេក្លោងធំៗបានជាច្រើននាក់ បានបំផ្លាញនូវហេដ្ឋារចនាសម្ព័នឬបណ្តាញការងាររបស់ក្រុមឧក្រិដ្ឋជន និងបានរុះរើបណ្តាញទូរទាត់ប្រាក់ជាច្រើនទម្រង់
June 8, 2024 - អន្តរជាតិ
ថៃ៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Paopoom Rojanasakul បានចេញមកបញ្ជាក់ថា រដ្ឋាភិបាលថៃនៅតែអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១០,០០០បាត (២៧៤,៩៦ ដុល្លារអាមេរិក) ទៅក្រុមពលរដ្ឋ ៥០លាននាក់ដូចកាលពីឆ្នាំកន្លងទៅដដែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ការចេញមកបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយអំពីចំនួនទឹកប្រាក់ឧបត្ថម្ភសរុបមិនត្រឹមត្រូវ ដែលធ្វើឱ្យពលរដ្ឋម្នាក់ៗយល់ឃើញថានៅក្នុងឆ្នាំនេះពួកគេត្រូវទទួលបានប្រាក់ឧបត្ថម្ភតិចជាងឆ្នាំមុន។ សូមបញ្ជាក់ជូនថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៤នេះ ខណៈក្រុមពលរដ្ឋងាយរងគ្រោះទាំង ៥០លាននាក់នឹងទទួលប្រាក់នេះក្នុងទម្រង់ជាលុយឌីជីថល ពោលគឺពួកគេនឹងទទួលបានប័ណ្ណមួយសន្លឹកដែលមានតម្លៃជាទឹកប្រាក់ ១០,០០០បាត។ បន្ទាប់ពីទទួលបានប័ណ្ណនេះហើយ ក្រុមពលរដ្ឋងាយរងគ្រោះអាចយកប័ណ្ណទៅទិញម្ហូបអាហារឬសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗនៅតាមតូបឬស្តង់លក់ទំនិញដែលជាដៃគូសហការណ៍ជាមួយរដ្ឋាភិបាលថៃ ខណៈកម្មវិធីលក់នឹងត្រូវរៀបចំឡើងនៅតាមទីតាំងជាច្រើនកន្លែងផ្សេងៗគ្នានិងតាមពេលវេលាខុសគ្នាផងដែរ។ ក្រោយកម្មវិធីលក់ទំនិញបានបិទបញ្ចប់ ក្រុមអ្នកលក់ដែលជាដៃគូសហការណ៍ជាមួយរដ្ឋាភិបាលថៃអាចមកធ្វើការទូទាត់ដើម្បីទទួលយកប្រាក់សុទ្ធពីអាជ្ញាធរថៃបានគ្រប់ចំនួនទៅតាមទំហំទឹកប្រាក់ដែលពួកគេបានលក់ដាច់ជាក់ស្តែង។ សូមបញ្ជាក់ជូនថា កម្មវិធីខាងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ជីវភាពពលរដ្ឋដែលកំពុងប្រឈមនឹងបញ្ហាបាត់បង់ប្រាក់ចំណូល និងក្រុមអ្នកលក់ដែលកំពុងបាត់បង់អតិថិជននៅក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងឆ្ងន់ធ្ងរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
June 7, 2024 - អន្តរជាតិ
អូស្រ្តាលី៖ ជំងឺផ្តាសាយបក្សីកំពុងបង្កការរាតត្បាតនៅតាមកសិដ្ឋានក្នុងប្រទេសអូស្ត្រាលីជាបន្តបន្ទាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី៧ ខែមិថុនានេះ។ ជំងឺផ្តាសាយបក្សីដែលកំពុងបង្កការគំរាមគំហែងនៅតាមកសិដ្ឋានក្នុងប្រទេសអូស្រ្តាលីនៅពេលនេះគឺមានចំនួន ៣ប្រភេទ ដូចជា ប្រភេទ H7N3, ប្រភេទ H7N9 និងប្រភេទ H5N1 ដែលសុទ្ធតែជាមេរោគបំប្លែងខ្លួន។ ឆ្លើយតបនឹងការរាតត្បាតជំងឺផ្តាសាយបក្សីទ្រង់ទ្រាយធំនេះ អាជ្ញាធរអូស្រ្តាលីបានសម្លាប់សត្វមាន់ដែលគេចិញ្ចឹមសម្រាប់យកពងអស់ជាងកន្លះលានក្បាលហើយ បើគិតចាប់តាំងពីមានការរាតត្បាតកាលពីខែមុនមក ខណៈសត្វមាន់ទាំងនោះគឺជាមាន់នៅក្នុងកសិដ្ឋានផ្សេងគ្នាចំនួន ៥ និងស្ថិតនៅក្នុងរដ្ឋផ្សេងៗគ្នាផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានពលរដ្ឋអូស្រ្តាលីណាម្នាក់បានឆ្លងជំងឺផ្តាសាយបក្សីនៅឡើយទេ ខណៈកាលពីថ្ងៃម្សិលមិញនេះអង្កការសុខភាពពិភពលោកបានប្រកាសពីការរកឃើញមានករណីមនុស្សស្លាប់ដោយសារជំងឺផ្តាសាយបក្សីប្រភេទ H5N2 ជាលើកដំបូងនៅលើពិភពលោក៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
June 7, 2024 - អន្តរជាតិ
សិង្ហបុរី៖ យ៉ាងហោចណាស់មានមនុស្សប្រមាណជា ១០០នាក់ត្រូវបានអាជ្ញាធរសិង្ហបុរីធ្វើការជម្លៀសខ្លួន ជាបន្ទាន់ក្រោយកើតមានអគ្គិភ័យដ៏ធ្ងន់ធ្ងរមួយកាលពីយប់មិញនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមិថុនានេះបានបញ្ជាក់ថា អគ្គិភ័យបានកើតឡើងនៅសំណង់ផ្ទះល្វែងមួយកន្លែងស្ថិតប្លុក ៥៤១ នៃតំបន់ Bedok North។ បើតាមកងកម្លាំងការពារស៊ីវិលសិង្ហបុរីបានបញ្ជាក់ថា ភ្លើងបានចាប់ផ្តើមឆេះនៅម៉ោង ១០ និង ១០នាទីយប់ ដោយបានបង្កចេញពីផ្ទះដែលនៅជាប់ក្រោយ និងបន្តឆេះឡើងនៅដល់ផ្ទះនៅជាន់ទី ៧យ៉ាងឆាប់រហ័ស។ យ៉ាងណាក្តី ក្រុមអ្នកពន្លត់អគ្គិភ័យ និងក្រុមអ្នកសង្គ្រោះបន្ទាន់ ក៏បានធ្វើអន្តរាគមន៍ទាន់ពេលវេលាផងដែរទើបហេតុការណ៍គ្រោះថ្នាក់នេះ មិនបានបណ្តាលឱ្យមានពលរដ្ឋណាម្នាក់រងគ្រោះដល់អាយុជីវិតនោះទេ។ ប្រភពខាងលើបានបន្តថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញមូលហេតុ ដែលបង្កឱ្យអគ្គិភ័យកើតឡើងនៅឡើយទេ ខណៈអាជ្ញាធរកំពុងបើកការស៊ើបអង្កេត ដើម្បីស្វែករកអ្នកទទួលខុសត្រូវក្នុងករណីនេះ៕ អត្ថបទ៖ភក្តី
June 7, 2024 - អន្តរជាតិ
ឆេក៖យ៉ាងហោចណាស់មានពលរដ្ឋចំនួន ៤នាក់នៅបានស្លាប់បាត់បង់នៅជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថភ្លើងក្នុងប្រទេសឆេក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងហើយ នៅមានអ្នកដំណើរចំនួន ២០នាក់ផ្សេងទៀតបានរងរបួសនិងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។ បើតាមអាជ្ញាធរឆេកបានបញ្ជាក់ថា ហេតុការណ៍អកុសលនេះបានកើតឡើងចំពោះរថភ្លើងមួយខ្សែដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន RegioJet ខណៈរថភ្លើងមួយខ្សែជារថភ្លើងដែលត្រូវចេញដំណើរទៅពីក្រុង Prague ក្នុងប្រទេសឆេកឆ្ពោះទៅកាន់ទីក្រុង Kosice ក្នុងប្រទេសស្លូវ៉ាគី។ ក្នុងពេលកើតហេតុនោះនៅក្នុងរថភ្លើងមានផ្ទុកអ្នកដំណើរសរុបចំនួន ៣០០នាក់ ខណៈរហូតមកទល់នឹងពេលនេះអាជ្ញាធរឆេកនៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុបច្ចេកទេសដែលបណ្តាលឱ្យរថភ្លើងត្រូវក្រឡាប់យ៉ាប់ឆាប់ក្នុងអំឡុងពេលកំពុងធ្វើដំណើរដូចនេះឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 6, 2024









