Pheakdey
  • អន្តរជាតិ

    លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានបញ្ជាក់ថា ចិនគ្មានគម្រោងធ្វើការឈ្លានពានកោះតៃវ៉ាន់ដូចអ្វីដែលក្រុមអ្នកវិភាគភូមិសាស្រ្តនយោបាយបានលើកឡើងនាពេលកន្លងមកនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time នៅយប់ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះ។ សេចក្តីបញ្ជាក់នេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោក ស៊ី ជីនពីង បានអញ្ជើញទៅសហរដ្ឋអាមេរិកដើម្បីជួបពិភាក្សាដោយផ្ទាល់អំពីបញ្ហាមួយចំនួនជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន។ យ៉ាងណាក្តី ក្រុមអ្នកវិភាគនៅតែបន្តណែនាំឲ្យកោះតៃវ៉ាន់ត្រូវតែរក្សាជំហរប្រុងប្រយ័ត្ត និងត្រៀមការពារខ្លួនពីការឈ្លានពានទឹកដីឲ្យបានខ្ជាប់ខ្ជួន ដ្បិតភាគខាងប្រទេសចិនមានកម្លាំងយោធានិងសម្ភារៈយោធាគ្រប់គ្រាន់សម្រាប់ធ្វើការឈ្លានពានកោះតៃវ៉ាន់នៅក្នុងពេលណាមួយនៅថ្ងៃអនាគត។ សូមរម្លឹកជូនថា ថ្មីៗនេះមានរបាយការណ៍ពិសេសមួយដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយអាមេរិកបានបង្ហាញថា ប្រទេសចិនមានគម្រោងបើកការឈ្លានពានតោះតៃវ៉ាន់នៅក្នុងឆ្នាំ ២០២៧ ឬ នៅក្នុងឆ្នាំ ២០៣៥ ពោលគឺចិននឹងអ្វីដូចដែលប្រទេសរុស្ស៊ីកំពុងតែធ្វើទៅកាន់ប្រទេសអ៊ុយក្រែនអីចឹងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Strait Time

    November 18, 2023
  • អន្តរជាតិ

    ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះរញ្ជួយនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកានេះ។ ​គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនេះបានកើតឡើងនៅតំបន់កោះ Mindanao ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន ខណៈតំបន់មួយនេះក៏ជាទិសដៅទេសចរណ៍ដ៏មានសក្តានុពលមួយផងដែរ។ បើតាមមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាឡឺម៉ង់បានឲ្យដឹងថា គ្រោះរញ្ជួញដីខាងលើនេះបានកើតឡើងនៅក្នុងកម្រិត ៦,៧ រ៉ិចទ័រ និងបានបង្កើតឲ្យមានកម្លាំងរំញ័រក្នុងជម្រៅដីរហូតដល់ ៦០គីឡូម៉ែត្រ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតភ្លាមៗហើយគឺនៅមានមនុស្សចំនួន ២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ខណៈអាជ្ញាធរហ្វីលីពីនកំពុងដុតដៃដុតជើងស្វែងរកពួកគេនៅតាមក្រោមគំនរបាក់បែក។ ចំពោះទំហំនៃការខូចខាតវិញគឺមានអាគារមួយចំនួនបានដួលរលំ ខណៈអគ្គិសនីសម្រាប់ផ្គត់ផ្គង់ទៅកាន់សហគមន៍មួយចំនួនត្រូវបានកាត់ផ្តាច់ជាបណ្តោះអាសន្ន៕ អត្ថបទ​៖ ភក្តី ប្រភព៖ Channel News Asia

    November 18, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូងកំពុងស្វែងរកការផ្តន្ទាទោសចំពោះនាយកក្រុមហ៊ុនបច្ចេកវិទ្យា Samsung លោក Jay Y Lee ជុំវិញករណីឆបោកប្រាក់ ដែលមានតម្លៃរាប់ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះ។ ​យ៉ាងណាក្តី លោក Jay Y Lee បានឆ្លើយបដិសេដនៅក្នុងសវនាការរបស់តុលាការជាន់ទាបកូរ៉េខាងត្បូងថា លោកមិនបានប្រព្រឹត្តិកំហុសអ្វីនោះទេ ពោលគឺរូបគាត់ជាមនុស្សស្អាតស្អំម្នាក់។ បើតាមរដ្ឋអាជ្ញាកូរ៉េខាងត្បូងបានរកឃើញថា កាលពីឆ្នាំ ២០១៥ កន្លងទៅ លោក  Jay Y Lee បានប្រព្រឹត្តិបទល្មើសដ៏ធំមួយគឺក្លែងបន្លំគណនេយ្យភាព និងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung ដែលបទល្មើសនេះមានតម្លៃជាទឹកប្រាក់រហូតដល់

    November 18, 2023
  • អន្តរជាតិ

    ហ្គាហ្សា៖ លោក Muhammad Abu Salmiya ប្រធានមន្ទីរពេទ្យនៅតំបន់ហ្គហ្សាបានឲ្យដឹងថា មន្ទីរពេទ្យ Al-Shifa ដែលកំពុងស្ថិតក្រោមការឡោមព័ន្ធរបស់កងទ័ពអ៊ីស្រាអែលកំពុងតែអស់ទឹក និងអស់ខ្យល់អុកស៊ីសែនសម្រាប់ប្រើប្រាស់ហើយ នេះបើយោងតាមការចុះផ្សាយរប​ស់បណ្តាញសារព័ត៌មាន BCC នៅក្នុងថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះ។ ប្រធានមន្ទីរពេទ្យរូបនេះបានបញ្ជាក់ទៀតថា នៅក្នុងមន្ទីរពេទ្យដែលប្រឈមនឹងបញ្ហាគ្មានទឹកនិងខ្យល់អ៊ុកស៊ីសែននោះគឺកំពុងមានផ្ទុកនូវអ្នកជំងឺចំនួន ៦៥០នាក់ បុគ្គលិកវេជ្ជសាស្រ្តជាង ៥០០នាក់ និងពលរដ្ឋស៊ីវិលជាង ៥,០០០នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះវាគឺជាថ្ងៃទី ២ហើយ ដែលកងកម្លាំងអ៊ីស្រាអែលបានធ្វើការឡោមព័ន្ធមន្ទីរពេទ្យ Al-Shifa ដោយកងកម្លាំងអ៊ីស្រាអែលបានដាក់ពង្រាយរថពាស​ដែកជាច្រើននៅជុំវិញមន្ទីរពេទ្យ ហើយនៅផ្នែកខាងលើអាកាសវិញគឺអ៊ីស្រាអែលបានប្រើប្រា​ស់យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងសម្រាប់តាមដានសកម្មភាពនៅក្នុងបរិវេណមន្ទីរពេទ្យជាប្រចាំផងដែរ។ ការឡោមព័ន្ធមន្ទីរពេទ្យនេះត្រូវបានធ្វើឡើងដ្បិតអ៊ីស្រាអែលសង្ស័យថាមេដឹកនាំសំខាន់ៗរបស់ក្រុមហាម៉ាសបានសម្ងំលាក់ខ្លួននៅក្នុងមន្ទីរពេទ្យក្នុងចំណោមក្រុមពលរដ្ឋស៊ីវិល ឬបន្លំខ្លួនធ្វើជាអ្នកជំងឺ ខណៈមន្ទីរពេទ្យនេះក៏អាចជាច្រកចេញចូលទៅកាន់ផ្លូវក្រោមដីរបស់ក្រុមហាមាសផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះតួលេខពលរដ្ឋប៉ាឡេស៊ីនដែលបានស្លាប់បង់ជីវិតបានកើនដល់ជាង ១១,៤០០នាក់ហើយ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន៕

    November 17, 2023
  • អន្តរជាតិ

    អាមេរិក៖ បុរស​ ២នាក់ត្រូវបានអាជ្ញាធរអាមេរិកឃាត់ខ្លួនជាបន្ទាន់ជុំវិញករណីរត់ពន្ធផលិតផលក្លែងក្លាយមានតម្លៃជាង ១ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BCC នៅក្នុងថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះ។ ជនសង្ស័យទាំង ២នាក់់នេះមានឈ្មោះថា​ Adama Sow និងម្នាក់ទៀតមានឈ្មោះថា Abdulai Jalloh ខណៈពួកគេត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Manhattan ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា ទំនិញក្លែងក្លាយដែលអាជ្ញាធរអាមេរិកបានរឹបអូសពីក្រុមជនខិលខូចទាំង ២រូបនេះគឺភាគច្រើនជាកាបូបប្រណិតរបស់មនុស្សស្រីដែលមានចំនួនប្រមាណជា ២១៩ ០០០កាបូប ខណៈបើគិតពីតម្លៃសរុបនៃកាបូបទាំងអស់នេះវិញគឺអាចតម្លៃខ្ទង់ ១,០៣ពាន់លានដុល្លារ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ពេលនេះក្រុមជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នដើម្បីរង់ចាំការកាត់ទោសពីតុលាការ ខណៈពួកគេម្នាក់ៗអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ BCC

    November 17, 2023
  • អន្តរជាតិ

    អាមេរិក៖ តែមមួយសន្លឹកបានបំបែកកំណត់ត្រាជាតែមដែលមានតម្លៃខ្ពស់បំផុតនៅពិភពលោកជាមួយតម្លៃលក់ចេញ ២លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ តែមមួយសន្លឹកនេះមានឈ្មោះថា “Inverted Jenny” ត្រូវបានបោះពុម្ពឡើងនៅក្នុងឆ្នាំ ១៩១៨ ជាតែមដែលមានអត្ថន័យរម្លឹកដល់ការចាប់ផ្តើមដំបូងនៃសេវាកម្មផ្ញើសំបុត្រតាមយន្តហោះនៅសហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា បើទោះជាតែមមួយសន្លឹកនេះមានអាយុកាលជាង ១០០ឆ្នាំហើយក៏ដោយ តែវានៅមានសភាពល្អស្ទើរតែ ១០០% ក្នុងពេលគេដាក់វាលក់នៅឯពិធីដេញថ្លៃក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍កន្លងទៅនេះ។ សូមបញ្ជាក់ជូនថា ដើមឡើយតែមសសម្រាប់បិទនៅលើសំបុត្រមួយសន្លឹកនេះគឺជាកម្មសិទ្ធរបស់លោក Charles Hack អាយុ ៧៦ឆ្នាំ ដែលជាមនុស្សម្នាក់ចូលចិត្តប្រមូលយកតែមគ្រប់ប្រភេទយកមករក្សាទុក ហើយអ្នកដែលបានទិញតែមតម្លៃ ២លានដុល្លារនេះគឺជាអ្នកវិនិយោគផ្នែកអចលនទ្រព្យម្នាក់ ដែលត្រូវការតែមនេះជាចាំបាច់ដើម្បីយកទៅបំពេញក្តីស្រមៃដ៏ធំមួយនៅក្នុងជីវិតរបស់គាត់ ពោលគឺសម្រេចក្តីស្រមៃប្រមូលយកតែមប្រភេទនេះយកទៅរក្សាទុកឲ្យបានគ្រប់ចំនួនដែលគាត់បានកំណត់៕ អត្ថបទ៖ ភក្តី

    November 14, 2023
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃបានច្រានចោលគម្រោងស្នើសុំដាក់ឲ្យមា​នការល្បាតរួមគ្នារវាងប៉ូលិសថៃនិងប៉ូលិសចិននៅតាមតំបន់ទេសចរណ៍នៅលើទឹកដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ ការបដិសេធនូវគម្រោងដ៏ចម្រូងចម្រូងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Sudawan Wangsuphakijkosol ដែលជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ និងក្រោយមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃ។ គួរបញ្ជាក់ជូនថា នៅលើបណ្តាញសង្គមក្នុងប្រទេសថៃនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះមានមតិដ៏រសើបមួយបានផ្ទុះឡើងយ៉ាងផុសផុល ពោលគឺមានមតិស្នើសុំឲ្យរដ្ឋាភិបាលថៃប្រើប្រាស់កម្លាំងប៉ូលិសចិនរួមគ្នាជាមួយកម្លាំងប៉ូលិសថៃនៅតាមតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនដើម្បីបង្កើនទំនុកចិត្តដល់ក្រុមភ្ញៀវទេសចរណ៍ចិនដែលគ្រោងមកដើរកំសាន្តនៅក្នុងប្រទេសថៃ ក៏ដូចជាបង្កើនទំនុកចិត្តសម្រាប់ពលរដ្ឋចិនដែលកំពុងរស់នៅក្នុងប្រទេសថៃ​​​​​​​​។ មតិដែលគេមិនបានដឹងពីប្រភពដើមពិតប្រាកដនេះបានអះអាងទៀតថា គម្រោងខាងលើនេះនឹងក្លាយជាវិធានការទាក់ទាញភ្ញៀវទេសចរណ៍ចិនយ៉ាងមានប្រសិទ្ធភាព ដែលអាចរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចថៃបានមួយផ្នែកធំផងដែរ។ យ៉ាងណាក្តី លោក Sudawan Wangsuphakijkosol បានបញ្ជាក់ថា ការអនុញ្ញាតឲ្យប៉ូលិសចិនមកធ្វើការល្បាតរួមគ្នាជាមួយប៉ូលិសថៃនៅលើទឹកថៃគឺវាបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព​ជាតិថៃយ៉ាងខ្លាំង ខណៈយើងមានជម្រើសល្អៗជាច្រើនទៀតដើម្បីអាចធានាបាននូវសុវត្ថិភាពយ៉ាងខ្ពស់ជូនក្រុមភ្ញៀវទេសចរណ៍ជនជាតិចិនក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗទាំងអស់នៅជុំវិញពិភពលោក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 14, 2023
  • អន្តរជាតិ

    អាមេរិក៖ រថយន្ត Ferrari ស៊េរីចាស់មួយគ្រឿងត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់ ៥១,៧ លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ រថយន្តដែលមានតម្លៃដ៏ខ្ពស់កប់ពពកនេះគឺជារថយន្ត Ferrari ប្រភេទ 330 LM / 250 GTO ផលិតនៅក្នុងឆ្នាំ ១៩៦២ និងត្រូវបានរចនាឡើងដោយលោក Scaglietti។ ប្រភពខាងលើបានបន្តថា ការដាក់លក់រថយន្តខាងលើនេះត្រូវបានធ្វើឡើងតាមរយៈកម្មវិធីដេញថ្លៃមួយមានឈ្មោះថា RM Sotheby ដែលត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក ខណៈកម្មវិធីនេះគឺជាកម្មវិធីដេញថ្លៃរថយន្តធំបំផុតលំដាប់ទី ១ នៅលើពិភពលោកផងដែរ។ សូមបញ្ជាក់ជូនថា ជាមួយនឹងតម្លៃខ្ពស់មហាសាលខាងលើនេះបានធ្វើឲ្យរថយន្ត Ferrari មួយគ្រឿងនេះបំបែកកំណត់ត្រាពិភពលោកក្លាយជារថយន្តស៊េរីចាស់ដែលមានតម្លៃថ្លៃជាងគេបំផុតផងដែរ៕  អត្ថបទ៖ ភក្តី

    November 14, 2023
  • អន្តរជាតិ

    នេប៉ាល់៖ រដ្ឋាភិបាលនៃប្រទេសនេប៉ាល់បាននិយាយថា នឹងធ្វើការហាមឃាត់មិនឲ្យមានការប្រើប្រាស់នោះទេនូវបណ្តាញសង្គម TikTok ដែលជាបណ្តាញសង្គមកំពុងពេញនិយមបំផុតមួយនៅលើពិភពលោក ​នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះ។ ការសម្រេចហាមឃាត់នេះត្រូវបានធ្វើឡើងក្រោមហេតុផលថា មាតិកាជាច្រើននៅលើបណ្តាញសង្គម TikTok បានកំពុងតែធ្វើឲ្យប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង។ យ៉ាងណាក្តីប្រភពខាងលើបានបញ្ជាក់ថា ការសម្រេចហាមឃាត់នេះទំនងជាមិនបានបង្កឲ្យមានការខាតបង់ច្រើ​នចំពោះក្រុមហ៊ុន TikTok នោះទេ ដ្បិតបណ្តាញសង្គមមួយនេះកំពុងមានអ្នកប្រើប្រាស់រហូតដល់ជាង ១ពាន់លាននាក់ឯណោះនៅជុំវិញពិភពលោក ខណៈនេប៉ាល់មានពលរដ្ឋសរុបត្រឹម ៣០លាននាក់ប៉ុណ្ណោះ។ គួររម្លឹកជូនថា ​TikTok ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិនបានប្រឈមនឹងបញ្ហាចម្រូងចម្រាសជាច្រើននាពេលកន្លងមក ដោយប្រទេសមួយចំនួនរួមមានអាមេរិកផងដែរបានចោទប្រកាន់ថា TikTok គឺជាចារកម្មចិន ដែលបានលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ដោយសម្ងាត់ដើម្បីផ្តល់ជូនឲ្យទៅរដ្ឋាភិបាលចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 14, 2023
  • អន្តរជាតិ

    អ៊ីតាលី៖ សត្វតោមួយក្បាលត្រូវបានគេប្រទះឃើញដើរនៅតាមដងផ្លូវសំខាន់ៗជាច្រើនកន្លែងនៅក្នុងទីក្រុងរ៉ូម ដែលជារដ្ឋធានីរបស់ប្រទេសអ៊ីតាលី និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកានេះបានបញ្ជាក់ថា ហេតុការណ៍ដ៏កម្រនេះបានកើតឡើងតាំងតែពីយប់ថ្ងៃសៅរ៍ម្ល៉េះ ខណៈការបង្ហាញខ្លួនរបស់សត្វតោមួយក្បាលនេះបានកើតឡើងអស់រយៈពេលប្រមាណជា ៥ម៉ោងទម្រាំគេអាចចាប់យកវាទៅវិញបាន។ ភ្លាមៗក្រោយប្រទះឃើញហេតុការណ៍ដ៏ចម្លែកនេះ អាជ្ញាធរក្រុងរ៉ូមបានជូនដំណឹងកុំឲ្យពលរដ្ឋចេញពីផ្ទះ ដើម្បីរក្សាសុវត្ថិភាពពីការវាយប្រហារណាមួយពីសំណាក់សត្វតោ និងបានបញ្ជាឲ្យក្រុមអ្នកជំនាញផ្នែកសត្វត្រូវចេញធ្វើអន្តរាគមន៍ចាប់សត្វតោនោះជាបន្ទាន់ មុនពេលវាអាចបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់។ ប្រភពខាងលើបានបន្តថា សត្វតោមួយក្បាលនេះបានរត់ចេញពីកន្លែងលេងសៀកមួយកន្លែងក្នុងទីក្រុងរ៉ូម ហើយវាមិនមែនជាពពួកសត្វតោកាចសាហាវនោះទេ។ យ៉ាងណាក្តី គេត្រូវប្រើពេលជាច្រើនម៉ោងនិងកម្លាំងមនុស្សសជាច្រើននាក់ទើបអាចចាប់សត្វតោនោះបាន ខណៈគ្មានពលរដ្ឋណាម្នាក់បានរងគ្រោះថ្នាក់ពីការវាយប្រហាររបស់សត្វតោនោះទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 12, 2023