Pheakdey
  • ព័ត៌មានជាតិ

    វៀតណាម៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់និងបញ្ហាបាក់ដីនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ១៦នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២០ ខែវិច្ឆិកា។ តួលេខអ្នកស្លាប់បាត់បង់ជីវិតនេះគឺតួលេខជនរងគ្រោះនៅក្នុងករណីជំនន់ទឹកភ្លៀងនៅភាគកណ្តាលប្រទេសវៀតណាម ដែលបានផ្តើមកើតឡើងចាប់តាំងពីចុងខែតុលា។ ប្រភពខាងលើបានបន្តថា គិតរហូតមកទល់នឹងពេលនេះគ្រោះធម្មជាតិដ៏កម្រនេះនៅតែបន្តគំរាមកំហែងអាយុជីវិតមនុស្ស និងបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋវៀតណាមជាច្រើននាក់ ដ្បិតភ្លៀងនៅតែបន្តធ្លាក់ក្នុងបរិមាណយ៉ាងច្រើន។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានផ្ទះប្រមាណជា ៤៣,០០០ខ្នងត្រូវបានជន់លិច ហើយផ្លូវសំខាន់ៗជាច្រើនត្រូវបានកាត់ផ្តាច់ទាំងស្រុងដោយសារបញ្ហាបាក់ដី៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    November 20, 2025
  • អន្តរជាតិ

    វៀតណាម៖ ​​​តុលាការវៀតណាមសម្រេចផ្តន្ទាទោសអតីតជ័យលាភីបវរកញ្ញា Miss Grand International ម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំជុំវិញករណីផ្សព្វផ្សាយលក់ផលិតផលក្លែងក្លាយនៅលើបណ្តាញសង្គម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែវិច្ឆិកា។ ស្ត្រីរូបនេះមានឈ្មោះថា Nguyen Thuc Thuy Tien ខណៈនៅលើបណ្តាញសង្គមក្នុងប្រទេសវៀតណាមរូបគាត់ត្រូវបានគេហៅថា “Queen Beauty” ឬ រាជនីសម្រស់។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា នៅលើបណ្តាញសង្គម “រាជនីសម្រស់” រូបនេះបានធ្វើការផ្សព្វផ្សាយលក់ស្ករកៅស៊ូម៉ាក Kera Supergreens ដោយបានអះអាងថា ស្ករកៅស៊ូប្រភេទនេះមានផ្ទុកជាតិសរសៃច្រើនណាស់ ពោលគឺជាប្រភេទអាហារដ៏ល្អមួយសម្រាប់សុខភាពអ្នកទទួលទាន។ យ៉ាងណាក្តី តាមការត្រួតពិនិត្យរបស់អាជ្ញាធរជំនាញវៀតណាមបានរកឃើញថា ស្ករកៅស៊ូ Kera

    November 20, 2025
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានជូនដំណឹងដល់ទីក្រុងតូក្យូថា ខ្លួននឹងហាមឃាត់ការនាំចូលគ្រឿងសមុទ្រជប៉ុនទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែវិច្ឆិកា។ ចំណាត់ការខាងលើនេះត្រូវបានគេឃើញថា គឺជាការវាយប្រហារចុងក្រោយមួយពីសំណាក់អាជ្ញាធរក្រុងប៉េកាំងទៅកាន់ប្រទេសជប៉ុននៅក្នុងជម្លោះការទូត ដែលបានកើតឡើងកាលពីពេលថ្មីៗ​​នេះ។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះប្រទេសចិនបានប្រកាសផ្អាកការចាក់បញ្ចាំងខ្សែភាពយន្តជប៉ុនចំនួន ២ ហើយជាការឆ្លើយតបនឹងសេចក្តីប្រកាសនេះ ស្ថានទូតជប៉ុននៅក្នុងប្រទេសចិនបានជូនដំណឹងឱ្យពលរដ្ឋជប៉ុនទាំងអស់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសចិនត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុវត្ថិភាព និងចៀសវាងទៅកាន់កន្លែងមានមនុស្សច្រើនកុះករ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ។ សូមបញ្ជាក់ជូនផងដែរថា វិបត្តិការទូតរវាងប្រទេសជប៉ុននិងប្រទេសចិនបានផ្តើមកើតមានឡើងក្រោយលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានថ្លែងទៅកាន់ក្រុមសមាជិកសភាជប៉ុនថា ការវាយប្រហាររបស់ចិនទៅលើតៃវ៉ាន់អាចបង្កការគំរាមកំហែងដល់អាយុជីវិតរបស់ពលរដ្ឋជប៉ុន ហើយក្នុងករណីចាំបាច់ជប៉ុននឹងធ្វើការឆ្លើយតបវិញដោយប្រើកម្លាំងយោធា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    November 19, 2025
  • អន្តរជាតិ

    ហូឡង់៖ ពាក្យថា “ស្នាមថើបដំបូង” ត្រូវបានមនុស្សជាច្រើននៅជុំវិញពិភពលោកយកទៅប្រើប្រាស់នៅក្នុងទំនាក់ទំនងស្នេហារបស់ពួកគេ ហើយពាក្យប៉ុន្មានម៉ាត់នេះហាក់មានអត្ថន័យជ្រាលជ្រៅណាស់សម្រាប់នៅក្នុងខ្លឹមសារបទចម្រៀង ឬភាពយន្តបែបមនោសញ្ចេតនាស្នេហា។ បើទោះជាមនុស្សគ្រប់គ្នាសុទ្ធតែអាចនិយាយពាក្យនេះបានក៏ពិតមែន តែប្រហែលជាមិនមានមនុស្សច្រើននោះទេ ដែលអាចដឹងថា ស្នាមថើបដំបូងនៅលើពិភពលោក បានកើតឡើងនៅពេលណា និងបង្កើតឡើងដោយអ្នកណា? យោងតាមការសិក្សាមួយដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យ Oxford រួមជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យា Florida បានរកឃើញថា ស្នាមថើបដំបូងគេបំផុតនៅលើពិភពលោកបានកើតឡើងនៅក្នុងរយៈពេលប្រហែលជា ២១,៥លានឆ្នាំមុន។ លទ្ធផលនៃការសិក្សាដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែវិច្ឆិកានេះបានបញ្ជាក់ផងដែរ អ្នកដែលបានបង្កើតស្នាមថើបដំបូងនៅលើពិភពលោកនេះមិនមែនជាមនុស្សជាតិឡើង តែគឺជាបុព្វបុរសរបស់សត្វស្វាមួយប្រភេទ ឈ្មោះ Apes ដោយនៅពេលនោះក្រុមសត្វស្វាប្រភេទនេះបានចាប់ផ្តើមអភិវឌ្ឍន៍សកម្មភាពថើបគ្នាជាលើកដំបូង៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    November 19, 2025
  • អន្តរជាតិ

    អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែនគ្រោងទាមទារប្រាក់សំណងចំនួន ៤៤ពាន់លានដុល្លារពីរុស្ស៊ីចំពោះផលប៉ះពាល់នៃការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៩ ខែវិច្ឆិកា។ អ៊ុយក្រែនបានអះអាងថា ការបំភាយ​ឧស្ម័នពុលទៅក្នុងបរិយាកាសគឺបានកើតឡើងដោយសារតែសកម្មភាពធ្វើសង្គ្រាមឈ្លានពានពីសំណាក់កងកម្លាំងរុស្ស៊ី ដូចនេះរុស្ស៊ីត្រូវតែទទួលខុសត្រូវចំពោះផលប៉ះពាល់ទាំងអស់។ ប្រភពខាងលើបានបន្តថា ការបំភាយ​ឧស្ម័នពុលទៅក្នុងបរិយាកាសនោះបានកើតឡើងពី ឥន្ធនៈហ្វូស៊ីល ស៊ីម៉ង់ត៍ និងដែកថែប ដែលរុស្ស៊ីបានប្រើប្រាស់នៅក្នុងការធ្វើសង្គ្រាម  និងកត្តាមួយចំនួនដូចជា ការឆេះព្រៃ ឬអគ្គិភ័យផ្សេងៗជាដើម។ បើតាមលោក Pavlo Kartashov អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បរិស្ថាន និងកសិកម្មអ៊ុយក្រែនបានបញ្ជាក់ថា ការបំភាយឧស្ម័នពុលចេញមកពីប្រភពជាច្រើនខាងលើនេះបានធ្វើឱ្យមានការផលប៉ះពាល់ជាច្រើន ដូចជាសុខភាពទូទៅរបស់មនុស្សជាតិ និងធ្វើឱ្យខូចគុណភាពដី ទឹក និងធនធានធម្មជាតិផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 19, 2025
  • អន្តរជាតិ

    ជប៉ុន៖ អាជ្ញាធរជប៉ុនបានព្រមានប្រជាពលរដ្ឋខ្លួន ដែលកំពុងមានវត្តមាននៅក្នុងប្រទេសចិនឱ្យង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាសុវត្ថិភាព និងចៀសវាងទៅកាន់កន្លែងមានមនុស្សច្រើនកុះករ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៨ ខែវិច្ឆិកា។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងស្របពេលដែរ ទីក្រុងតូក្យូនិងទីក្រុងប៉េកាំងមានជម្លោះការទូតកាន់តែធ្ងន់ធ្ងរឡើងៗជុំវិញបញ្ហាកោះតៃវ៉ាន់។ គួររម្លឹកថា វិបត្តិការទូតរវាងប្រទេសជប៉ុននិងប្រទេសចិនបានផ្តើមកើតមានឡើងក្រោយ លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានថ្លែងប្រាប់ទៅកាន់ក្រុមសមាជិកសភាជប៉ុនថា ការវាយប្រហាររបស់ចិនទៅលើតៃវ៉ាន់អាចបង្កការគំរាមកំហែងដល់អាយុជីវិតរបស់ពលរដ្ឋជប៉ុន ហើយក្នុងករណីចាំបាច់ជប៉ុននឹងធ្វើការឆ្លើយតបដោយប្រើកម្លាំងយោធាផងដែរ។ សូមបញ្ជាក់ជូនថា មុនពេលអាជ្ញាធរជប៉ុនចេញសេចក្តីព្រមានខាងលើនេះ ប្រទេសចិនក៏បានប្រកាសផ្អាកការចាក់បញ្ចាំងខ្សែភាពយន្តជប៉ុនចំនួន ២ផងដែរ ក្រោមហេតុផលជម្លោះការទូតដូចគ្នានេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    November 18, 2025
  • អន្តរជាតិ

    ថៃ៖ តុលាការកំពូលថៃបានបង្គាប់ឱ្យអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបង់ប្រាក់ចំនួន ១៧,៦ពាន់លានបាត (ជាង ៥៤២ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១៨ ខែវិច្ឆិកា។ ប្រាក់ដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបង់ខាងលើនេះ គឺប្រាក់បង់ពន្ធទាក់ទងនឹងការលក់ក្រុមហ៊ុនទូរគមនាគមន៍របស់គាត់នាពេលកន្លងមក។ បើតាមលោក Suriyan Hongvilai អ្នកនាំពាក្យឱ្យតុលាការថៃបានបញ្ជាក់ថា កាតព្វកិច្ចបង់ពន្ធខាងលើនេះគឺត្រូវបានអនុវត្តចំពោះហ៊ុនទូរគមនាគមន៍ Shin Corp ដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានលក់កាលពីឆ្នាំ ២០០៦កន្លងទៅ ហើយពេលនោះលោកមិនបានបង់ពន្ធជូនរដ្ឋាភិបាលស្របតាមច្បាប់អាជីវកម្មដែលមាននៅក្នុងប្រទេសថៃនោះទេ។ នៅឆ្នាំដដែលនោះ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារ ហើយបន្ទាប់មកលោកបានធ្វើការនិរទេសខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍។ ប្រភពខាងលើបានបន្តថា រហូតមកដល់ឆ្នាំ ២០១៧ ទើបអាជ្ញាធរពន្ធដារថៃបានកំណត់ការពិន័យជាប្រាក់ជាង

    November 18, 2025
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៨នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែវិច្ឆិកា។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងទីក្រុង Cilacap ដែលស្ថិតនៅភាគកណ្តាលនៃខេត្ត Java។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះនៅមានមនុស្សចំនួន ៧នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន ដោយពួកគេអាចនៅកប់ជាប់ក្នុងដីជម្រៅប្រមាណជា ៣-៨ម៉ែត្រ។ បន្ថែមពីនេះទៀតក៏មានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវដួលរលំទាំងស្រុងផងដែរ។ គួរកត់សម្គាល់ថា កាលពីសប្តាហ៍មុន ហេតុការណ៍បាក់ដីដូចនេះក៏បានកើតឡើងក្នុងតំបន់ Banjarnegara នៃខេត្ត Java ម្តងដែរ ហើយពេលនោះបានបណ្តាលឱ្យមានមនុស្សចំនួន ២នាក់ត្រូវស្លាប់បាត់បង់ជីវិត និង ១៥នាក់ត្រូវបាត់ខ្លួន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 17, 2025
  • អន្តរជាតិ

    ចិន៖ ទណ្ឌកម្មនិងការដាក់សម្ពាធពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនបានជួយធ្វើឱ្យបុរសជនជនជាតិម្នាក់ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិសរុបប្រមាណជា ២២,៥ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧​​ ខែវិឆ្ឆិកា។ បុរសដែលអាចទទួលបានលាភនៅក្នុងស្ថានភាពមានគ្រោះរូបនេះ គឺលោក Chen Tianshi អាយុ ៤០ ឆ្នាំ​ជាអ្នកស្រាវជ្រាវ អ្នកជំនួញផ្នែកបញ្ញាសិប្បនិម្មិត (AI) ជានាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុនផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត Cambricon Technologies។ នៅក្នុងឆ្នាំ ២០១៩ កន្លងទៅ ឈ្មោះរបស់លោក Chen Tianshi ហាក់មិនសូវមានគេស្គាល់យ៉ាងទូលំទូលាយនោះទេ ហើយទ្រព្យសម្បត្តិរបស់គាត់វិញក៏នៅឆ្ងាយពីកម្រិតមហាសេដ្ឋីលុយពាន់ដុល្លារដែរ។ យ៉ាងណាក្តី នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីសហរដ្ឋអាមេរិកសម្រេចកាត់ផ្តាច់ការប្រើប្រាស់បន្ទះឈីបទំនើបៗរបស់ប្រទេសចិន លោក Chen Tianshi ក៏បានងាកទៅអនុវត្តផែនការលើកកម្ពស់វិស័យបច្ចេកវិទ្យាក្នុងស្រុកវិញ ពោលគឺចាប់ផ្តើមអាជីវលក់កម្មបន្ទះឈីបបញ្ញាសិប្បនិម្មិត

    November 17, 2025
  • អន្តរជាតិ

    វៀតណាម៖ ប្រទេសវៀតណាមគ្រោងដាក់បញ្ចូលភាសាអង់គ្លេសជាភាសាទី២ និងជាកាតព្វកិច្ចត្រូវសិក្សានៅគ្រប់សាលារៀនទាំងអស់នៅត្រឹមឆ្នាំ ២០៣៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៦ ខែវិច្ឆិកា។ ការសម្រេចអនុវត្តផែនការអប់រំថ្មីនេះគឺត្រូវបានធ្វើឡើងដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សិស្សានុសិស្សវៀតណាមនៅក្នុងឆាកអន្តរជាតិ។ យ៉ាងណាក្តី ផែនការកែទម្រង់ប្រព័ន្ធអប់រំដ៏ធំខាងលើនឹងត្រូវធ្វើជាឡើងជាច្រើនដំណាក់កាល ដោយនៅត្រឹមឆ្នាំ ២០៣០ គឺភាសាអង់គ្លេសនឹងត្រូវដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សា និងជាកាតព្វកិច្ចត្រូវសិក្សាចាប់ពីថ្នាក់ទី១ ឡើងទៅ ខណៈនៅថ្នាក់មត្តេយសិក្សាគ្រាន់តែអនុវត្តកម្មវិធីណែនាំឱ្យក្មេងៗចាប់ផ្តើមស្គាល់ភាសាអង់គ្លេសតែប៉ុណ្ណោះ ហើយរហូតដល់ឆ្នាំ២០៣៥ ទើបកម្មវិធីសិក្សាភាសាអង់គ្លេសជាភាសាទី២ និងជាកាតព្វកិច្ចត្រូវសិក្សាត្រូវបានអនុវត្តយ៉ាងពេញលេញគ្រប់កម្រិតនៃការសិក្សាទាំងអស់។ ប្រភពខាងលើបានបន្តថា​ នៅចំពោះមុននៃការអនុវត្តផែនការកែទម្រង់នេះ ប្រទេសវៀតណាមក៏កំពុងប្រឈមនឹងការខ្វះខាតគ្រូបង្រៀនភាសាអង់គ្លេសក្នុងចំនួនប្រមាណជា ២២,០០០នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 17, 2025