- Pheakdey
- អន្តរជាតិ
រុស្ស៊ី៖ រដ្ឋាភិបាលនៃប្រទេសរុស្ស៊ីបានសម្រេចធ្វើការហាមឃាត់មិនឲ្យលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ចូលក្នុងប្រទេសខ្លួនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Business Insider កាលពីថ្ងៃទី ១៦ ខែមេសាកន្លងទៅនេះ។ ការសម្រេចហាមឃាត់នេះត្រូវបានធ្វើឡើង ២ថ្ងៃបន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានបង្កកទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីរុស្ស៊ីដែលកំពុងធ្វើការវិនិយោគឬរក្សាទុកនៅក្នុងប្រទេសខ្លួនហើយទឹកប្រាក់ទាំងនោះមានទំហំប្រមាណជា ១០ពាន់លានផោន (ជាង ១៣ពាន់លានដុល្លារ)។ ប្រភពខាងលើបានបន្តថា ក្រៅតែពីធ្វើការហាមឃាត់លោកនាយករដ្ឋមន្ត្រីអង់គ្លេស រដ្ឋភិបាលរុស្ស៊ីក៏បានហាមឃាត់មន្ត្រីជាន់ខ្ពស់អង់គ្លេសចំនួន ១២រូបផ្សេងទៀតផងដែរ ដោយក្នុងនោះមានទាំងរដ្ឋមន្ត្រីការបរទេសគឺលោក Liz Truss លោកអធិការបតី Rishi Sunak និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺ Priti Patel ផងដែរ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងនេះបានកើតដោយសារតែបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដ្បិតប្រទេសសេរីជាច្រើននៅជុំវិញពិភពលោកបានផ្តើមដាក់ទណ្ឌកម្មទៅកាន់ប្រទេសរុស្ស៊ីក្នុងរូបភាពផ្សេងៗគ្នា ហើយក្នុងនោះការបង្កកទ្រព្យសម្បត្តិក្រុមមហាសេដ្ឋីរុស្ស៊ីដែលមានទំនាក់ទំនងជិតស្និតជាមួយរដ្ឋាភិបាលរុស្ស៊ីក៏បានក្លាយជាជម្រើសនៃការដាក់ទណ្ឌកម្មមួយផងដែរ៕ អត្ថបទ៖
April 18, 2022 - អន្តរជាតិកូរ៉េខាងត្បូងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដដូសជម្រុញទី ២ជូនពលវ័យចំណាស់ដើម្បីទប់ទល់ជាមួយនឹងអូមីក្រុង
កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃពុធ ទី១៣ ខែមេសានេះបានប្រកាសថា នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាដូសជម្រុញទី ២ (ត្រូវជាដូសទី ៤ បើគិតទាំងដូសមូលដ្ឋាន) ទៅកាន់ក្រុមពលរដ្ឋដែលមានអាយុលើសពី ៦០ឆ្នាំឡើងនៅទូទាំងប្រទេស។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញជូនពលរដ្ឋវ័យចំណាយនេះគឺត្រូវបានធ្វើឡើងដើមទប់ទល់នឹងរលកនៃមេរោគកូវីដ-១៩ អូមីក្រុង ដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះកូរ៉េខាងត្បូងបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២ដូសជូនប្រជាពលរដ្ឋខ្លួនបានចំនួន ៨៦% ខណៈមានពលរដ្ឋ ៦៣% បានចាក់ដល់ដូសជម្រុញ។ ចំពោះករណីឆ្លងវិញគឺកូរ៉េខាងត្បូងមានតួលេខអ្នកឆ្លងប្រចាំថ្ងៃប្រមាណជា ២សែននាក់ ករណីឆ្លងសរុបមានចំនួនជាង ១៥លាននាក់ និងករណីស្លាប់សរុបមានជាង ២ម៉ឺននាក់
April 13, 2022 - អន្តរជាតិ
សិង្ហបុរី៖ ក្រុមអ្នកស្រាវជ្រាវសិង្ហបុរីបានរកឃើញថា ហានិភ័យនៃការកើតមានបញ្ហារលាកបេះដូងក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច គឺមានកម្រិតទាបបំផុត ពោលគឺក្នុងចំណោមវ៉ាក់សាំង ១លានដូសដែលគេបានចាក់អាចមានមនុស្សត្រឹមតែ ១៨នាក់ប៉ុណ្ណោះដែលទទួលរងផលប៉ះពាល់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យល្បីៗក្នុងប្រទេសសិង្ហបុរី និងបានសិក្សាទៅលើករណីចាក់វ៉ាក់សាំងចំនួន ៤លានដូស។ ការសិក្សាបានបង្ហាញដែរថា ក្នុងចំណោមអ្នកដែលទទួលរងផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩រួចនោះទៀតសោធគឺភាគច្រើននៃពួកគេមិនមានអាការៈអ្វីធ្ងន់ធ្ងរគួរឲ្យបារម្ភនោះទេ ដូចនេះពលរដ្ឋគ្រប់រូបមិនគួរមានការព្រួយបារម្ភចំពោះការចាក់វ៉ាក់សាំងនោះទេ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះសិង្ហបុរីបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់ចំនួន ២ដូសជូនពលរដ្ឋខ្លួនបានរហូតដល់ ៨៧% ខណៈពលរដ្ឋ ៦៨%បានចាក់រហូតដល់ដូសជម្រុញ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 13, 2022 - អន្តរជាតិ
អាហ្វ្រិកខាងត្បូង៖ បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមេសានេះបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ៥៩នាក់ហើយបានស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់និងបាក់ស្រុតដីដែលបានកើតឡើងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ គ្រោះធម្មជាតិនេះបានកើតឡើងក្រោយពីមានភ្ញៀងធ្លាក់យ៉ាងជោគជាំជាច្រើនជាប់ៗគ្នា ហើយវាបានបង្កគ្រោះថ្នាក់ខ្លាំងនៅក្នុងទីក្រុង Durban និងនៅតំបន់មួយចំនួននៃខេត្ត KwaZulu-Natal ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហត្តរាយអាហ្វ្រិកខាងត្បូងបានបញ្ជាក់ថា ក្រៅតែពីមានមនុស្សស្លាប់គ្រោះធម្មតជាតិក៏បានបង្កឲ្យមានបញ្ហាជាច្រើនទៀងផងដែរដូចជា ផ្លូវសំខាន់ៗជាច្រើនត្រូវបានកាត់ផ្តាច់ អាគារនិងផ្ទះសម្បែងជាច្រើនខ្នងត្រូវបានដួលរលំ ហើយតំបន់មួយចំនួនគ្មានអគ្គិសនីនិងទឹកស្អាតសម្រាប់ប្រើប្រាស់នោះទេ។ ជាងនេះទៅទៀតគឺគិតត្រឹមពេលនេះនៅមានពលរដ្ឋមួយចំនួនត្រូវបាត់ខ្លួន ខណៈគេមិនរពឹងថាអ្នកដែលបាត់ខ្លួនទាំងនោះនៅរស់មានជីវិតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
April 13, 2022 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃគ្រោងចែកចាយថ្នាំប្រឆាំងជំងឺកូវីដ-១៩ ចំនួន ៤៥,០០០ ប្រអប់ដើម្បីព្យាបាលអ្នកជំងឺកូវីដនៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមេសានេះ។ ថ្នាំប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងនោះគឺជាថ្នាំប្រភេទ Paxlovid ផលិតឡើងដោយក្រុមហ៊ុនផលិតឱសថ Pfizer ហើយអាជ្ញាធរថៃទើបទទួលបានថ្នាំទាំងអស់នេះកាលពីថ្ងៃចន្ទ ទី១១ ម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា អ្នកជំងឺគោលដៅដែលស្ថិតក្នុងគម្រោងនៃការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំលេបទាំងនេះគឺក្រុមអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ហើយថ្នាំលេបនេះក៏ត្រូវបានលើកលែងមិនឲ្យប្រើប្រាស់ចំពោះក្រុមអ្នកជំងឺកូវីដជាស្រ្តីកំពុងមានផ្ទៃពោះ ក្រុមស្រ្តីកំពុងបំបៅដោះកូន និងក្រុមអ្នកជំងឺកូវីដដែលកំពុងលេបថ្នាំព្យាបាលបញ្ហាសួតនិងក្រលៀនជាប្រចាំផងដែរ។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះថៃមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃជាមធ្យមខ្ទង់ ២ម៉ឺននាក់ក្នុងមួយថ្ងៃ ហើយតួលេខអ្នកឆ្លងសរុបមានចំនួនជិត ៤លាននាក់ ស្លាប់សរុបជាង ២,៦ ម៉ឺននាក់ ខណៈថៃនៅមានអ្នកជំងឺដែលកំពុងស្ថិតក្នុងការព្យាបាលជាង ២,៣ សែននាក់ផងដែរ៕ អត្ថបទ៖ ភក្តី
April 12, 2022 - អន្តរជាតិ
កាលពីថ្ងៃចន្ទ ទី១១ ខែមេសាម្សិលមិញនេះ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានជួបគ្នាក្នុងកិច្ចប្រជុំមួយដែលជាជំនួប “ផ្លាស់ប្តូរទស្សនៈដោយស្មោះត្រង់ជាមួយគ្នា” អំពីបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា កិច្ចប្រជុំពិសេសនេះត្រូវបានរៀបចំឡើងស្របពេលដែលទីក្រុងវ៉ាស៊ីនតោនហាក់មានការខកចិត្តចំពោះទីក្រុងញូវដេលី ដ្បិតនាពេលកន្លងមកឥណ្ឌាតែងរក្សាជំហរអព្យាក្រឹត្យចំពោះសកម្មភាពឈ្លានរបស់កងទ័ពរុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ខណៈអាមេរិកចង់ឃើញឥណ្ឌាបង្ហាញជំហរមិនគាំទ្ររុស្ស៊ី។ គួរបញ្ជាក់ជូនថា លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានកំពុងតែព្យាយាមជំរុញឲ្យក្រុមមេដឹកនាំនៅជុំវិញពិភពលោកប្រកាន់ជំហរប្រឆាំងដាច់ខាតចំពោះរុស្ស៊ីតាមរយៈការធ្វើសកម្មភាពជាក់លាក់ណាមួយជំនួសឲ្យការនៅស្ងៀមចំពោះសកម្មភាពឈា្លនពានដ៏ធ្ងន់ធ្ងរនេះ។ យ៉ាងណាក្តី នៅក្នុងកិច្ចប្រជុំខាលើនេះគេមិនបានមើលឃើញថា អាមេរិកបានដាក់លក្ខខណ្ឌដាច់ខាតណាមួយឲ្យឥណ្ឌាគោរពតាមនោះទេ ខណៈកិច្ចប្រជុំបានបញ្ចប់ទៅដោយការមើលឃើញថា ឥណ្ឌាហាក់នៅតែរក្សាគោលជំហរអព្យាក្រឹត្យរបស់ខ្លួន ពោលគឺមិនប្រឆាំងដាច់ខាតជាមួយរុស្ស៊ីហើយឥណ្ឌាក៏មិនផ្តាច់ទំនាក់ទំនងជាមួយប្រទេសលោកខាងលិចនិងអាមេរិកដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
April 12, 2022 - អន្តរជាតិ
កាលពីថ្ងៃចន្ទ ទី១១ ខែមេសាម្សិលមិញនេះ អង្គការសុខភាពពិភពលោកបានប្រកាសថា កំពុងតាមដានករណីរាតត្បាតមេរោគនៃជំងឺកូវីដ-១៩ ចំនួន ២ប្រភេទផ្សេងទៀតជាបុត្រសម្ព័ន្ធរបស់មេរោគអូមីក្រុង ដែលជាប្រភេទមេរោគមានសមត្ថភាពអាចបង្កការរាតត្បាតបានយ៉ាងលឿន។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា មេរោគនៃជំងឺកូវីដ-១៩ ថ្មីទាំង ២ប្រភេទនេះគឺមេរោគអូមីក្រុង BA.4 និង BA.5 ខណៈនាពេលកន្លងមេរោគដែលបានបំប្លែងខ្លួនចេញពីមេរោគអូមីក្រុងត្រូវបានគេរកឃើញមានចំនួន ២ធំៗរួចទៅហើយ គឺមេរោគអូមីក្រុង BA.1 និងBA.2។ ប្រភពខាងលើបានបន្តថា មេរោគនៃជំងឺកូវីដ-១៩អូមីក្រុងបំប្លែងខ្លួនថ្មីប្រភេទ BA.4 ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តរកឃើញនៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង ដាណឺម៉ាក បូតស្វាណា ស្កុតឡេន និងអង់គ្លេស នៅចន្លោះកាលពីថ្ងៃទី ១០
April 12, 2022 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានរៀបចំពិធីអបអរធំមួយសម្រាប់ខួបទី ១០ឆ្នាំនៃការឡើងកាន់ដំណែងជាប្រធានគណបក្សកម្មករកូរ៉េរបស់លោកគីម ជុងអ៊ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១១ ខែមេសានេះ។ បើតាមអ្នកនាំពាក្យរបស់គណបក្សកម្មករកូរ៉េបានបញ្ជាក់ថា ពិធីអបអរនេះត្រូវបានធ្វើឡើងដើម្បីរម្លឹកដល់ភាពដឹកនាំដ៏ឈ្លាសវៃរបស់លោកគីម ជុងអ៊ុន ដែលនាំឲ្យមានការសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនមានដូចជាការអនុវត្តកម្មវិធីនុយក្លេអ៊ែ និងភាគជោកជ័យក្នុងនយោបាយកាទូតជាដើម។ គួររម្លឹកជូនថា លោក គីម ជុងអ៊ុន បានឡើងស្នងតំណែងជាប្រមុខដឹកនាំប្រទេសកូរ៉េខាងជើងពីឪពុករបស់លោក គឺលោក គីម ជុងអ៊ីល ដែលបានស្លាប់កាលខែធ្នូ ឆ្នាំ២០១១ ហើយនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១២ លោកគីម ជុងអ៊ុនក៏ត្រូវបានសាមាជគណបក្សកម្មករកូរ៉េសម្រេចបោះឆ្នោតជ្រើសរើសលោកឲ្យក្លាយជាប្រធានគណបក្សបន្ថែមទៀត និងកាន់ដំណែងនេះរហូតមកនឹងពេលបច្ចុប្បន្ននេះ។
April 11, 2022 - អន្តរជាតិ
ថៃ៖ ពលរដ្ឋរុស្ស៊ីកាន់តែច្រើនបានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើដំណើរទៅកាន់ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមេសានេះ។ កំណើនភ្ញៀវទេសចរណ៍គួរឲ្យចាប់អារម្មណ៍នេះត្រូវបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលរុស្ស៊ីបានសម្រេចលុបចោលវិធានការតឹងរឹងមួយចំនួនដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសគឺការលុបចោលវិធានការតឹងរឹងលើការហោះហើរចំពោះប្រទេសចំនួន ៥២ ហើយក្នុងនោះក៏មានប្រទេសថៃផងដែរ។ ប្រភពខាងបានបន្តថា ចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីដែលគ្រោងទៅប្រទេសថៃបានកើនឡើងរហូតដល់ ២០% នៅក្នុងរយៈពេល ១សប្តាហ៍ចុងក្រោយនេះ ខណៈនាពេលបច្ចុប្បន្ននេះពលរដ្ឋរុស្ស៊ីដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃស្រាប់មានចំនួនជាង ៧,០០០នាក់ផងដែរ។ បើតាមអាជ្ញាធរទេសចរណ៍ថៃបានឲ្យដឹងថា កំណើនភ្ញៀវទេសចរណ៍រុស្ស៊ីមកកាន់ប្រទេសថៃអាចកើតឡើងក្នុងហេតុផលចំនួនដូចជា ពលរដ្ឋរុស្ស៊ីចង់ខ្លះចង់គេចចេញពីអាកាសធាតុត្រជាក់ខ្លាំងក្នុងរដូវរងារនៅរុស្ស៊ីមួយរយៈ ពលរដ្ឋខ្លះចង់គេចចេញពីសម្ពាធផ្សេងៗដែលបង្កឡើងដោយបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ខណៈដែលប្រទេសជាច្រើននៅអឺរ៉ុបបានសម្រេចបិទជើងហោះហើរជាមួយរុស្ស៊ីតែថៃនៅតែបើកច្រកព្រំដែនប្រទេសទទួលស្វាគមន៍ពលរដ្ឋរុស្ស៊ីជាធម្មតា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger
April 11, 2022 - អន្តរជាតិ
ចិន៖ អាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ជិត ២៥,០០០នាក់ សម្រាប់របាយការណ៍នៅក្នុងថ្ងៃអាទិត្យ ទី១០ ខែមេសាម្សិលមិញនេះ ខណៈតួលេខនេះគឺមានការកើនឡើងយ៉ាងខ្លាំងបើធៀបទៅនឹងរយៈពេលកន្លងមក។ ទីក្រុងសៀងហៃដែលមានប្រជាពលរដ្ឋរស់នៅប្រមាណជា ២៦លាននាក់នោះបានប្រែក្លាយជាស្ងប់ស្ងាត់ គ្មានមនុស្សធ្វើដំណើរ គ្មានសកម្មភាពអាជីវកម្ម និងគ្មានសកម្មភាពកំសាន្តនោះទេ ដ្បិតអាជ្ញាធរបានធ្វើការបិទខ្ទប់ទីក្រុងហិរញ្ញវត្ថុដ៏ធំមួយនេះដើម្បីធ្វើតេស្តគ្រប់ប្រជាពលរដ្ឋទាំងអស់តែម្តង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា នៅចំពោះមុខនៃការកើនឡើងតួលេខអ្នកឆ្លងជំងឺកូវីដ-១៩នេះ អាជ្ញាធរក្រុងសៀងហៃក៏ត្រូវប្រឈមនឹងបញ្ហាមួយទៀតផងដែរនោះគឺ ការដឹកជញ្ជូនចំណីអាហារជូនប្រជាពលរដ្ឋមានភាពយឺតយ៉ាវរហូតធ្វើឲ្យពលរដ្ឋមួយចំនួនត្រូវត្អូញត្អែរអំពីបញ្ហាខ្វះខាតអាហារសម្រាប់បរិភោគទៀតផង។ គួរបញ្ជាក់ជូនថា ប្រទេសចិនដែលនាពេលកន្លងមកត្រូវបានគេមើលឃើញថាហាក់បានយកឈ្នះលើជំងឺកូវីដ-១៩ ទៅហើយនោះ ស្រាប់តែពេលនេះចិនត្រូវប្រឈមនឹងការរាតត្បាតកូវីដ-១៩ ជាថ្មីម្តងទៀតនិងរាតត្បាតក្នុងលក្ខណៈធ្ងន់ធ្ងរទៀតផង។ គិយត្រឹមពេលនេះចិនមានតួលេខអ្នកឆ្លងកូវីដ-១៩សរុបចំនួនជាង ១,៦ សែននាក់ និងស្លាប់សរុងជាង ៤ពាន់នាក់៕ អត្ថបទ៖ ភក្តី
April 11, 2022









