- Pheakdey
- អន្តរជាតិ
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានបង្ហាញនូវផែនការធំមួយដើម្បីដោះស្រាយវិបត្តិនៃការធ្លាក់ចុះអត្រាកំណើតប្រជាជន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២ ខែមិថុនានេះ។ តាមគម្រោងគឺផែនការខាងលើនេះនឹងត្រូវចំណាយថវិការហូតដល់ ២៥ពាន់លានដុល្លារ ខណៈគោលដៅចម្បងនៃផែនការនេះគឺពង្រឹងការគាំទ្រចំពោះពលរដ្ឋវ័យក្មេង និងក្រុមគ្រួសារដែលមានបំណងចង់បានកូន។ ប្រភពខាងលើបានបន្តថា ក្នុងការអនុវត្តផែនការខាងលើនេះគឺរដ្ឋាភិបាលជប៉ុននឹងត្រូវផ្តល់ប្រាក់ឧបត្ថម្ភយ៉ាងច្រើនទៅកាន់ក្រុមគ្រួសារនីមួយៗចាប់តាំងពីពួកគេត្រូវពពោះមានកូន ក្នុងពេលសម្រាលកូន និងរហូតដល់ពេលដែលកូនរបស់ពួកគេត្រូវចូលរៀន។ គួរបញ្ជាក់ជូនថា ជប៉ុនដែលជាប្រទេសមានពលរដ្ឋសរុបចំនួន ១២៥លាននាក់ក្នុងពេលបច្ចុប្បន្នបានជួបប្រទះនិងបញ្ហាធ្លាក់ចុះនៃចំនួនប្រជាពលរដ្ឋយ៉ាងខ្លាំងនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ជាក់ស្តែងក្នុងរយៈពេលពេញមួយឆ្នាំ ២០២២កន្លងទៅនេះជប៉ុនមានពលរដ្ឋកើតថ្មីមិនដល់ ៨០០,០០០នាក់នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
June 2, 2023 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកបានអំពាវនាវឲ្យអង្គការសហប្រជាជាតិបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាជុំវិញបញ្ហាដែលប្រទេសកូរ៉េខាងជើងបានប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបចារកម្ម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២ ខែមិថុនានេះ។ គួរកត់សម្គាល់ថា កាលពីថ្ងៃពុធកន្លងទៅនេះទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះផ្កាយរណបចារកម្មជាលើកដំបូងរបស់ខ្លួនទៅកាន់ទីអវកាសតែត្រូវទទួលបរាជ័យ ខណៈប្អូនស្រីរបស់លោក គីម ជុងអ៊ុន បានសន្យាថា នឹងបន្តបាញ់ផ្កាយរណបចារកម្មប្រភេទដូចគ្នានេះជាច្រើនគ្រាប់បន្ថែមទៀតនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ជុំវិញករណីដ៏រសើបនេះ សហរដ្ឋអាមេរិកបានធ្វើការថ្កោលទោសយ៉ាងខ្លាំង និងបានអះអាងថា កូរ៉េខាងជើងបានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោងដោយរំលោភទៅលើគោលការណ៍ជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានបង្កឲ្យមានអស្ថិរភាពពិភពលោកផងដែរ។ បើតាមលោក Nate Evans ដែលជាអ្នកនាំពាក្យឲ្យបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា អង្គការសហប្រជាជាតិត្រូវតែបើកកិច្ចប្រជុំមួយដើម្បីឆ្លើយតបទៅនឹងសកម្មភាពដ៏គឃ្លើនរបស់កូរ៉េខាងជើង ហើយកិច្ចប្រជុំនេះក៏ត្រូវតែធ្វើការផ្សាយបន្តផ្ទាល់តាមរយៈបណ្តាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាសាធារណៈផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
June 2, 2023 - អន្តរជាតិ
អង្គការសហប្រជាតិ (UN) បានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាអវត្តមានមនុស្សស្រីនៅក្នុងចំណោមមេដឹកនាំកំពូលៗរបស់រដ្ឋាភិបាលចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនានេះ។ ការព្រួយបារម្ភខាងលើនេះត្រូវបានបង្ហាញចេញតាមរយៈរបាយការណ៍មួយស្តីពីការលុបបំបាត់ការរើសអើងនិងប្រឆាំងស្ត្រី ដោយមានការគាំទ្រពីសំណាក់ប្រទេសជាច្រើនដូចជាអាល្លឺម៉ង់ អ៊ីស្លង់ ស្លូវ៉ាគី អេស្ប៉ាញ ទីម័រខាងកើត និងវ៉េណេស៊ុយអេឡាជាដើម។ នៅក្នុងរបាយការណ៍ខាងលើនេះក៏បានផ្តល់អនុសាសន៍ផងដែរ អោយប្រទេសចិនត្រូវអនុម័តកូតាតាមច្បាប់ និងប្រព័ន្ធសមភាពយេនឌ័រ ដើម្បីពន្លឿនឱ្យមានភាពស្មើគ្នារវាងបុរសនិងស្ត្រីនៅក្នុងជួររដ្ឋាភិបាល។ គួរកត់សម្គាល់ថា បើទោះជាចិនមានពលរដ្ឋជាស្រ្តីច្រើនក៏ពិតមែន តែសម្រាប់តួនាទីនៅក្នុងសភាប្រជាជនជាតិនៃប្រទេសចិនមានស្រ្តីប្រមាណជា ២៦,៥៤%ប៉ុណ្ណោះ។ ដោយឡែកនៅក្នុងចំណោមសមាជិកការិយាល័យនយោបាយនៃគណបក្សកុម្មុយនិស្តចិនវិញ ដែលមានសមាជិកសរុបរហូតដល់ ២៤នាក់ គឺគ្មានមនុស្សស្រីម្នាក់ទាល់តែសោះ ហើយនៅក្នុងចំណោមសមាជិកទាំង ៧នាក់នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយចិនក៏គ្មានមនុស្សស្រីដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
June 1, 2023 - អន្តរជាតិ
កូរ៉ខាងជើង៖ លោកស្រី គីម យ៉ូជុង ដែលជាត្រូវប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន បានប្រកាសថា កូរ៉ខាងជើងនឹងបន្តបាញ់បង្ហោះផ្កាយរណបចារកម្មជាច្រើនបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនានេះ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្រោយទីក្រុងព្យុងយ៉ាងទើបបាញ់បង្ហោះផ្កាយរណបចារម្មចំនួន ១គ្រឿងកាលពីថ្ងៃម្សិលមិញ ខណៈការបាញ់នោះក៏បានធ្វើឲ្យកូរ៉េខាងត្បូងនិងជប៉ុនមានការព្រួយបារម្ភផងដែរ។ បើតាមលោកស្រី គីម យ៉ូជុង បានបញ្ជាក់ច្បាស់ៗថា កូរ៉េខាងជើងប្ដេជ្ញាអភិវឌ្ឍវិស័យយោធារបស់ខ្លួនឲ្យកាន់តែខ្លាំងនិងទំនើបបំផុត ជាក់ស្តែងថ្មីៗនេះក្រុមអ្នកវិទ្យាសាស្រ្តកូរ៉េខាងជើងទើបផលិតបាននូវផ្កាយរណបចារកម្ម ដែលជាសម្ភារៈយោធាដ៏ទំនើបនិងមានសមត្ថភាពខ្លាំងបំផុតមួយ។ នៅក្នុងសេចក្តីថ្លែងការជាសាធារណៈនោះលោកស្រីក៏បានធ្វើការសន្យាផងដែរថា កូរ៉េខាងជើងនឹងបន្តបាញ់បង្ហោះផ្កាយរណបចារកម្មជាច្រើនគ្រឿងបន្ថែមទៅកាន់ទីអវកាសនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 1, 2023 - អន្តរជាតិ
ចិន៖ កោះមួយរបស់ចិនបានដាក់ចេញផែនការប្រើប្រាស់តែរថយន្តដើរដោយថាមពលអគ្គិសនីប៉ុណ្ណោះនៅត្រឹមឆ្នាំ ២០៣០ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃទី ៣១ ខែឧសភាម្សិលមិញនេះ។ ដែនកោះដ៏ធំមួយនេះមានឈ្មោះថា Haikou ស្ថិតនៅក្នុងខេត្ត Hainan ភាគខាងត្បូងប្រទេសចិន និងជាតំបន់ប្រជុំទៅដោយកំពង់ផែដែលមានសក្តានុពលសេដ្ឋកិច្ចជាច្រើនផងដែរ។ ប្រភពខាងលើបានបន្តថា ការប្រើប្រាស់រថយន្តដើរដោយថាមពលរដ្ឋអគ្គិសនីគឺជាជម្រើសល្អបំផុតសម្រាប់ពលរដ្ឋនៅលើកោះ Haikou ដ្បិតពួកគេតែងធ្វើដំណើរក្នុងរយៈចម្ងាយខ្លីៗ ខណៈសីតុណ្ហភាពត្រជាក់នៅលើកោះក៏មានអំណោយផលក្នុងការជួយជម្រុញឲ្យអាគុយនៅក្នុងរថយន្តអាចប្រើប្រាស់បានក្នុងរយៈពេលយូរផងដែរ។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះមានពលរដ្ឋលើកោះ Haikou ប្រមាណជា ៤៥%បានកំពុងតែប្រើប្រាស់រថយន្តអគ្គិសនីរួចហើយ ខណៈអាជ្ញាធរកោះមួយនេះកំពុងវិនិយោគប្រាក់ជាច្រើនពាន់លានយន់បន្ថែមទៀតដើម្បីសម្រេចឲ្យបាននូវផែនការប្រើប្រាស់តែរថយន្តអគ្គិសនីសុទ្ធនៅត្រឹមចុងទសវត្សរ៍នេះ។ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 1, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ការទាញសញ្ញាអាសន្នឲ្យមានការជម្លៀសខ្លួន និងសំឡេងស៊ីរ៉ែនត្រូវបានបន្លឺឡើងពេញទីក្រុងសេអ៊ូល ក្រោយប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្តាយរណបជាលើកដំបូងរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃពុធ ទី៣១ ខែឧសភានេះ។ សំឡេងនៃការប្រកាសអាសន្នបានបន្លឺឡើងប្រមាណជា ១០នាទី ហើយទូរស័ព្ទដៃរបស់ពលរដ្ឋម្នាក់ៗសុទ្ធតែទទួលបានសារប្រាប់ឲ្យត្រៀមធ្វើការជម្លៀសខ្លួន ខណៈហេតុការណ៍នេះបានធ្វើឲ្យមានភាពចលាចលយ៉ាងខ្លាំងផងដែរ។ យ៉ាងណាក្តី បន្តិចក្រោយមកអាជ្ញាធរក្រុងសេអ៊ូលបានប្រកាសវិញថា ការទាញសញ្ញាអាសន្នខាងលើនេះគឺបានកើតឡើងដោយកំហុសបច្ចេកទេសប៉ុណ្ណោះ ដ្បិតស្ថានភាពជាក់ស្តែងគឺទីក្រុងសេអ៊ូលមិនមានហេតុការណ៍បន្ទាន់ណាមួយកើតឡើងឡើយ។ គួរកត់សម្គាល់ថា មុនពេលមានសញ្ញាអាសន្នខាងលើនេះកើតឡើងគឺទីក្រុងព្យុងយ៉ាងបានបង្ហោះផ្កាយរណបចារកម្មថ្មីមួយប្រភេទទៅកាន់តំបន់ភាគខាងត្បូងប្រទេស ហើយហេតុការណ៍នេះក៏បានបង្កការគំរាមគំហែងក្នុងតំបន់មួយចំនួននៅក្នុងប្រទេសជប៉ុនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 31, 2023 - អន្តរជាតិ
ឥណ្ឌា៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានសម្រេចផ្អាកការងារមន្ត្រីម្នាក់ ដែលបានបញ្ជាឲ្យគេបង្ហូរទឹកចេញពីអាងស្តុកទឹកមួយកន្លែង ដើម្បីស្វែងរកទូរស័ព្ទរបស់គាត់បានបានធ្លាក់ចូលទៅក្នុងនោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Chhattisgarh ភាគខាងលិចនៃប្រទេសឥណ្ឌា ខណៈមន្ត្រីដែលត្រូវបានព្យួរពីការងារនោះមានឈ្មោះថា Rajesh Vishwas មានតួនាទីជា មន្ត្រីត្រួតពិនិត្យគុណភាពចំណីអាហារ។ ប្រភពខាងលើបានបន្តថា ទូរស័ព្ទដែលបានធ្លាក់ចូលទៅក្នុងអាងស្តុកទឹកនោះគឺជាទូរស័ព្ទដៃម៉ាក Samsung ដែលមានផ្ទុកទិន្នន័យសំខាន់ៗមួយចំនួនរបស់លោក Rajesh Vishwas ក្នុងពេលចុះបំពេញការងារក្នុងនាមជាមន្ត្រីត្រួតពិនិត្យគុណភាពចំណីអាហារ។ យ៉ាងណាក្តី អាងស្តុកទឹកដែលត្រូវបានគេបង្ហូរទឹកចេញអស់នោះគឺជាប្រភពទឹកដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋ និងប្រជាកសិករនៅជុំវិញតំបន់កើតហេតុនោះ។ អាងស្តុកទឹកនោះមានទឹកប្រមាណជា ២លានម៉ែត្រគូប ដែលអាចផ្គត់ផ្គង់ក្នុងការធ្វើកសិកម្មលើផ្ទៃដីប្រមាណជា ៦០០ហិចតា។ ហេតុផលសំខាន់មួយទៀតដែលជម្រុញឲ្យរដ្ឋាភិបាលឥណ្ឌាសម្រេចផ្អាកការងារមន្ត្រីខាងលើនេះ គឺសកម្មភាពរបស់គាត់បានកើតឡើងស្របពេលដែលពលរដ្ឋឥណ្ឌាជាច្រើននាក់កំពុងត្រូវការទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃជាចាំបាច់ ដ្បិតប្រភពទឹកជាច្រើននៅក្នុងប្រទេសឥណ្ឌាបានរីងស្ងួតក្រោយសីតុណ្ណភាពបានកើនឡើងក្នុងកម្រិតយ៉ាងខ្ពស់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Guardian
May 31, 2023 - អន្តរជាតិ
ស៊ុយអែត៖ ត្រីបាឡែនដែលជាចារកម្មរបស់រដ្ឋាភិបាលរុស្ស៊ីត្រូវបានគេប្រទះឃើញបង្ហាញខ្លួនតំបន់ឆ្នេរសមុទ្រនៃប្រទេសស៊ុយអែត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃចន្ទ ទី២៩ ខែឧសភានេះ។ តាមការកត់សម្គាល់ត្រីបាឡែនដែលជាចារម្មរបស់រុស្ស៊ីប្រភេទនេះធ្លាប់បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នេរសមុទ្រនៃប្រទេសន័រវេស កាលពីអំឡុងឆ្នាំ ២០១៩។ បើតាមក្រុមអ្នកជំនាញបានឲ្យដឹងថា ចារម្មដ៏ឆ្លាតវ័យនេះមានអាយុប្រហែលជា ១៣-១៤ឆ្នាំ ត្រូវបានបណ្តុះបណ្តាលនិងហ្វឹកហាត់ដោយក្រុមអ្នកជំនាញរុស្ស៊ី ហើយវាបានរួមចំណែកបំពេញការងារសំខាន់សំខាន់ៗជាច្រើនក្នុងវិស័យយោធាជើងទឹករបស់រុស្ស៊ី។ ប្រភពខាងលើបានបន្តថា ការបង្ហាញខ្លួនរបស់ត្រីបាឡែនដែលជាចារម្មរបស់រុស្ស៊ីនៅពេលនេះគឺទំនងជាកើតឡើងក្រោយពេលវាបានបញ្ចប់បេសកកម្មរយៈពេល ៤ឆ្នាំនៅក្នុងប្រទេសន័រវេស ហើយត្រូវបន្តបេសកកម្មថ្មីនៅដែនសមុទ្រនៃប្រទេសស៊ុយអែតវិញម្តង៕ ប្រភព៖ The Strait Time
May 30, 2023 - អន្តរជាតិ
ចិន៖ កាសែត The Strait Time បានរាយការណ៍ថា នៅក្នុងថ្ងៃអង្គារ ទី៣០ ខែឧសភានេះចិនបានបញ្ជូនអវកាសយានិកបីនាក់ទៅកាន់ស្ថានីយអវកាស Tiangong តាមរយៈការបង្ហោះយានអវកាសដ៏ទំនើបចុងក្រោយមួយរបស់ខ្លួន។ យានអវកាសដែលចិនទើបតែបានបង្ហោះនោះមានឈ្មោះថា Long March-2F ត្រូវបានបង្ហោះចេញពីស្ថានីយ៍ Jiuquan Satellite Launch Centre ដែលស្ថិតនៅភាគភាគពាយ័ព្យនៃប្រទេសចិន។ប្រភពខាងលើបានបន្តថា ការបង្ហោះយានអវកាសនេះគឺជា បេសកកម្ម Shenzhou-16 របស់ចិន ហើយវាគឺជាបេសកកម្មលើកទីមួយ ដែលចិនបានបញ្ជូនអ្នកវិទ្យាសាស្រ្តស៊ីវិលទៅកាន់ទីអវកាស។ ទន្ទឹមនឹងការបញ្ជូនយានអវកាសដ៏ទំនើបខាងលើនេះ អាជ្ញាធរចិនបានបញ្ជាក់ថានៅចុងទសវត្សរ៍នេះ (អំឡុងឆ្នាំ ២០៣០) ចិនក៏មានគម្រោងបញ្ជូនយានអវកាសទៅកាន់ឋានព្រះចន្ទផងដែរ។ គួរបញ្ជាក់ជូនថា ចិនបានវិនិយោគប្រាក់រាប់ពាន់លានដុល្លារក្នុងកម្មវិធីអភិវឌ្ឍវិស័យអវកាសរបស់ខ្លួន ហើយការខិតខំនេះបានជំរុញឲ្យវិស័យអវកាសរបស់ចិនតាមទាន់វិស័យអវកាសរបស់សហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ីផងដែរ៕ អត្ថបទ៖ ភក្តី
May 30, 2023 - អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឲ្យដឹងថា សីតុណ្ហភាពនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិនបានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីថ្ងៃចន្ទ ទី២៩ ខែឧសភាម្សិលមិញនេះ។ បើតាមការិយាល័យឧតុនិយមក្រុងសៀងហៃបានបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងទីក្រុងសៀងហៃបានកើនឡើងដល់ ៣៦,១ អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានទាល់តែសោះក្នុងរយៈពេលជាង ១០០ឆ្នាំចុងក្រោយនេះ។ ផ្អែកទៅតាមរបាយការណ៍របស់អាជ្ញាធរក្រុងសៀងហៃបានបង្ហាញថា នាពេលកន្លងមកទីក្រុងសេដ្ឋកិច្ចមួយនេះធ្លាប់ប្រឈមនឹងរលកកម្តៅខ្ពស់បំផុតត្រឹមកម្រិត ៣៥,៧ អង្សាសេប៉ុណ្ណោះ។ យោងតាមការព្យាករណ៍បានបង្ហាញថា នៅក្នុងរយៈពេល ២-៣ថ្ងៃទៀតតំបន់ផ្សេងៗមួយចំនួនទៀតរបស់ចិនក៏ត្រូវប្រឈមនឹងរលកកម្តៅក្នុងកម្រិតខ្ពស់ផងដែរដូចជា ក្រុងសំខាន់ក្នុងខេត្ត Sichuan ត្រូវប្រឈមនឹងរលកកម្តៅក្នុងកម្រិត ៣៨អង្សាសេ តំបន់ភាគខាងត្បូងខេត្ត Sichuan, ខេត្ត Guizhou, ខេត្ត Yunnan ត្រូវប្រឈមនឹងរលកកម្តៅក្នុងកម្រិត ៣៩អង្សាសេ ខណៈតំបន់ដាច់ស្រយាលមួយចំនួនត្រូវប្រឈមនឹងរលកកម្តៅរហូតដល់ ៤២អង្សាសេ៕ អត្ថបទ៖
May 30, 2023









