Pheakdey
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ​នាពេលបច្ចុបន្ននេះបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយបង្កើតវីដេអូប្លែកៗជាច្រើនតាមការចង់បានរបស់មនុស្ស ហើយវីដេអូខ្លះមើលទៅគឺដូចជាសកម្មភាពពិតតែម្តងរហូតធ្វើឱ្យមានអ្នកភាន់ច្រឡំថា ជាសកម្មភាពមនុស្សជាក់ស្តែងទៀតផង។​ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Moring Post នៅក្នុងថ្ងៃទី១០ ខែកក្កដាបានឱ្យដឹងថា​ មានគូស្នេហ៍ជនជាតិម៉ាឡេស៊ីមួយគូបានធ្វើដំណើរទៅកាន់រមណីយដ្ឋានមួយកន្លែង ដែលពួកគាត់បានឃើញតាមរយៈវីដេអូលើបណ្តាញអ៊ីនធឺណិត ខណៈជាក់ស្តែងវីដេអូនោះគឺជាវីដេអូបង្កើតឡើងដោយ AI តែប៉ុណ្ណោះ។ ប្រភពខាងលើមិនបានបញ្ជាក់អំពីអត្តសញ្ញាណលម្អិតរបស់គូស្នេហ៍មួយគូនេះទេ គ្រាន់តែបានបង្ហាញថា ពួកគាត់ជាពលរដ្ឋរស់នៅក្នុងទីក្រុងកូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី។ ចំពោះវីដេអូដែលពួកគាត់បានប្រទះឃើញនោះបានបង្ហាញថា មានពិធីការនីទូរទស្សន៍ម្នាក់បានទៅថតទិដ្ឋភាពយ៉ាងស្រស់ស្អាតនៅក្នុងរមណីយដ្ឋាន Kuak Skyride ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Kuak Hulu នៃរដ្ឋ Perak ដោយនៅក្នុងរមណីដ្ឋាននោះមានកន្ត្រកខ្សែកាបសម្រាប់ជិះមើលទេសភាពតាមជើងភ្នំយ៉ាងស្រស់ស្អាតនិងទាក់ទាញបំផុត។ បន្ទាប់ពីបានឃើញវីដេអូនេះហើយ គូស្នេហ៍មួយគូនេះក៏បានសម្រេចធ្វើដំណើរអស់រយៈពេល​៣ម៉ោង ក្នុងគោលបំណងដើម្បីទៅជិះកន្រ្តកខ្សែកាបក្នុងរមណីដ្ឋានខាងលើនេះ តែពេលទៅដល់ទើបពួកគេដឹងថា អ្វីដែលពួកគេបានឃើញនោះតាមការពិតគឺគ្មានទេ ហើយវាគ្រាន់តែសកម្មភាពដែលបង្កើតឡើងដោយ AI តែប៉ុណ្ណោះ៕

    July 10, 2025
  • អន្តរជាតិ

    ចិន៖ បុរសជនជាតិម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនជុំវិញករណីបទល្មើសដ៏កម្រមួយ ពោលគឺរូបគាត់បានតែងខ្លួនជាមនុស្សស្រីនិងបានហៅមនុស្សប្រុសសរុបជាង ១,០០០នាក់ឱ្យមករួមភេទជាមួយគាត់ ហើយគាត់បានលួចថតវីដេអូនៃសកម្មភាពរួមភេទទាំងអស់នោះដើម្បីលក់តាមបណ្តាញអ៊ីនធឺណិត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឱ្យដឹងថា បុរសរូបនេះមានឈ្មោះ Jiao មានអាយុ ៣៨ឆ្នាំ និងមានឈ្មោះនៅលើបណ្តាញសង្គមថា “Nanjing Uncle Red”។ បើតាមមន្ត្រីប៉ូលិសប្រចាំនៅក្នុងទីក្រុង Nanjing នៃខេត្ត Jiangsu បានបញ្ជាក់ថា  លោក Jiao បានធ្វើសកម្មភាពស្មោកគ្រោកនេះជាយូរឆ្នាំមកហើយមុនពេលត្រូវបានចាប់ខ្លួន ហើយក្រុមបុរសដែលបានចូលអន្ទាក់របស់គាត់នោះគឺមានចំនួនសរុប ១,៦៩១នាក់។​ ប្រភពខាងលើបានបន្តថា រាល់វីដេអូដែលលោក Jiao ទទួលបានពីកាមេរ៉ា ដែលគាត់បានលួចបង្កប់នៅក្នុងបន្ទាប់នោះ គឺគាត់បានយកទៅលើបង្ហោះនៅក្នុង Group មួយ​ ហើយអ្នកដែលចង់ចូលក្នុង Group មួយនេះត្រូវបង់ប្រាក់ចំនួន ១៥០យ័ន

    July 10, 2025
  • អន្តរជាតិ

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយខ្សែនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សស្លាប់ហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យយានជំនិះជាច្រើនគ្រឿងត្រូវលិចបាត់ចូលនៅក្នុងទឹកទន្លេផងដែរ។ ប្រភពខាងលើបានបន្តថា ស្ពានដែលបានបាក់ខាងលើនេះគឺជាស្ពានសម្រាប់ឆ្លងទន្លេមួយកន្លែងស្ថិតនៅក្នុងរដ្ឋ Gujarat ភាគខាងលិច នៃប្រទេសឥណ្ឌា ហើយស្ពានមួយខ្សែនេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ ១៩៨៥។ ចំពោះហេតុផលបច្ចេកទេសដែលបណ្តាលឱ្យស្ពានត្រូវបាក់នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែអ្វីដែលគេអាចមើលឃើញជាទូទៅនោះគឺ ស្ពានមួយខ្សែនេះមានសភាពចាស់ទ្រុឌទ្រោម ហើយអាជ្ញាធរឥណ្ឌាក៏មិនដែលជួសជុលឬកែកម្អឱ្យវាមានគុណភាពល្អនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 10, 2025
  • អន្តរជាតិ

    នេប៉ាល់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅតំបន់ជ្រលងភ្នំហិម៉ាឡៃ ដែលជាព្រំដែនរវាងប្រទេសនេប៉ាល់និងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Chanel News Asia នៅក្នុងថ្ងៃពុធ ទី៩ ខែកក្កដា។ ទន្ទឹមគ្នានេះ ក៏មានមនុស្សចំនួន ៣១នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ទឹកជំនន់បានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលធ្វើឱ្យកម្ពស់ទឹកទន្លេ Bhotekoshi ត្រូវឡើងពេញប្រៀបរហូតធ្លាយទំនប់ និងហូរចូលទៅកាន់សហគមន៍រស់នៅរបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ជូនថា នៅក្នុងចំណោមពលរដ្ឋដែលបាត់ខ្លួនទាំង ៣១នាក់នោះ គឺមនុស្សចំនួន ២០នាក់ជាពលរដ្ឋនៃប្រទេសនេប៉ាល់ និងពលរដ្ឋចំនួន ១១នាក់ផ្សេងទៀត គឺជាពលរដ្ឋនៃប្រទេសចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ Chanel News Asia

    July 9, 2025
  • អន្តរជាតិ

    អាមេរិក៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនិងអ្នកបាត់ខ្លួនដោយសារទឹកជំនន់នៅក្នុងរដ្ឋតិចសាស់​​ សហរដ្ឋអាមេរិក នៅតែបន្តកើនឡើង ខណៈកម្ពស់ទឹកជំនន់បានថយចុះបន្តិចហើយ។​ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៩ ខែកក្កដាបានបញ្ជាក់ថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បាត់បង់ជីវិតបានកើនឡើងដល់ ១០៩នាក់។ ដោយឡែកចំនួនអ្នកកំពុងបាត់ខ្លួនវិញបានកើនឡើងដល់ជាង ១៨០នាក់ផងដែរ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរអាមេរិកបានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ ដើម្បីតាមស្វែងរកក្រុមមនុស្សដែលកំពុងបាត់ខ្លួន ខណៈគេមិនបានរំពឹងខ្ពស់ថា ក្រុមអ្នកបាត់ខ្លួនទាំងនោះអាចមានសំណាងនៅរស់មានជីវិតនោះទេ។ យ៉ាងណាក្តី ប្រតិបត្តិការតាមស្វែងរកពួកគេនឹងត្រូវធ្វើឡើងយ៉ាងសកម្ម ពោលគឺរហូតដល់អាចរកឃើញជនរងគ្រោះគ្រប់ចំនួន​ បើទោះជាពួកគេនៅរស់ ឬស្លាប់ហើយក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 9, 2025
  • អន្តរជាតិ

    តៃវ៉ាន់៖ យ៉ាងហោចណាស់មានមពលរដ្ឋតៃវ៉ាន់ចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះត្រូពិច Danas នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃអង្គារ ទី៨ ខែកក្កដា។ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតហើយ បាតុភូតធម្មជាតិនេះក៏បានបណ្តាលឱ្យមានមនុស្សជាង ៦០០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ ប្រភពខាងលើបានបន្តថា ព្យុះត្រូពិច Danas បានបោកបក់ក្នុងល្បឿនប្រមាណជា ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ចេញពីខេត្ត Zhejiang ប្រទេសចិនឆ្ពោះទៅកាន់តំបន់ភាគកណ្តាលកោះតៃវ៉ាន់ ហើយឥទ្ធិពលរបស់ព្យុះកំណាចនេះបានបង្កឱ្យមានខ្យល់បោកបក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតាមតំបន់សំខាន់ៗជាច្រើនលើកោះតៃវ៉ាន់។ បើតាមអាជ្ញាធរឧតុនិយមតៃវ៉ាន់បានឱ្យដឹងថា ព្យុះត្រូពិច Danas នឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបន្ថែមទៀត ហើយក៏អាចបង្កឱ្យមានទឹកជំនន់នៅតាមតំបន់មួយចំនួនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 8, 2025
  • អន្តរជាតិ

    អាមេរិក៖ នៅទីបំផុត​​​លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញអត្រាពន្ធនាំចូលផ្លូវការចុងក្រោយសម្រាប់បណ្តាលប្រទេសមួយចំនួននៅតំបន់អាស៊ីហើយ ដោយអត្រាពន្ធនាំចូលថ្មីនោះហាក់មានការថយចុះទាបបន្តិច បើធៀបទៅនឹងអត្រាពន្ធដែលលោក ដូណាល់ ត្រាំ ធ្លាប់បានដាក់ចេញនាពេលកន្លងមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៨ ខែកក្កដានេះ បានបង្ហាញថា អត្រាពន្ធថ្មីនះរួមមាន៖ ១-ប្រទេសមីយ៉ាន់ម៉ា ៤០% ២-ប្រទេសឡាវ ៤០% ៣-ប្រទេសកម្ពុជា ៣៦% ៤-ប្រទេសថៃ ៣៦% ៥-ប្រទេសជប៉ុន ២៥% ៦-ប្រទេសកូរ៉េខាងត្បូង​២៥% ៧-ប្រទេសម៉ាឡេស៊ី ២៥% សូមបញ្ជក់ជូនថា អត្រាពន្ធសម្រាប់នាំទំនិញចូលអាមេរិកខាងលើនេះ

    July 8, 2025
  • អន្តរជាតិ

    ប៉ាគីស្ថាន៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ២៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដំបូលអគារមួយកន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ អគារមួយកន្លែងនេះជាអគារកម្ពស់ ៥ជាន់ មានទីតាំងស្ថិតនៅក្នុងទីក្រុង Karachi ដែលជាទីក្រុងដ៏ធំមួយនៃប្រទេសប៉ាគីស្ថាន។ គួរកត់សម្គាល់ថា ហេតុការណ៍បាក់ដំបូលអគារនៅក្នុងប្រទេសប៉ាគីស្ថានគឺតែងតែកើតមានជារឿយៗ ហើយមូលហេតុដែលបង្កឱ្យមានបញ្ហានេះកើតឡើងគឺដោយសារតែការសាងសង់គ្មានគុណភាពត្រឹមត្រូវតាមស្តង់ដាសុវត្ថិភាព។​ ប្រភពខាងលើបានបន្តថា នៅចំពោះមុខបញ្ហានេះអាជ្ញាធរប៉ាគីស្ថានបានកំពុងតែព្យាយាមត្រួតពិនិត្យលើកម្រិតសុវ​ត្ថិភាពតាមអគារជាច្រើន ដើម្បីកាត់បន្ថយបញ្ហានេះឱ្យនៅទាបបំផុត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    July 7, 2025
  • អន្តរជាតិ

    អាមេរិក៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ចំនួន ៧៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៧​ ខែកក្កដា។ នៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះក៏មានជនរងគ្រោះជាកុមារចំនួន ២៨នាក់ផងដែរ។ បើតាមលោក Dan Patrick អភិបាលរដ្ឋតិចសាស់បានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិងអស់ជាច្រើននាក់ហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៤១នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមក្រុមអ្នកជួយសង្គ្រោះអាមេរិកបានឱ្យដឹងថា ក្រុមអ្នកបាត់ខ្លួនទាំងអស់នេះទំនងជាបានហូរតាមទៅទីឆ្ងាយបាត់អស់ទៅហើយ ខណៈក្តីរំពឹងថា ពួកគេអាចមានសំណាងនៅរស់មានជីវិតនោះគឺមានតិចតួចបំផុត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 7, 2025
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងតំបន់ភាគខាងត្បូងរដ្ឋតិចសាស់ សហរដ្ឋអមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​​ The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៥ ខែកក្កដា។ សូមបញ្ជាក់ថា ទឹកជំនន់នេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងលឿនបំផុតក្រោយតំបន់រងគ្រោះខាងលើនេះមានភ្លៀងធ្លាក់ខ្លាំង និងច្រើនថ្ងៃជាប់គ្នា។ បើតាមលោក Dan Patrick អភិបាលរដ្ឋតិចសាស់បានបញ្ជាក់ថា នៅក្នុងចំណោមអ្នកដែលបានស្លាប់បាត់បង់ជីវិតទាំងនោះគឺមានជ​នរងគ្រោះមួយចំនួនជាកុមារ ដែលស្លាប់ដោយសារតែលង់នៅក្នុងទឹកកំពុងហូរខ្លាំង។ អភិបាលរដ្ឋតិចសាស់រូបនេះបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់ហើយ គិតត្រឹមពេលនេះក៏នៅមានកុមារៗចំនួន ២៣នាក់កំពុងតែបាត់ខ្លួនពីជំរុំ Camp Mystic ផងដែរ ខណៈនៅក្នុងជំរុំដែលជាកន្លែងមានសុវត្ថិភាពសម្រាប់ស្នាក់នៅជាបណ្តោះអាសន្ននេះមានមនុស្សប្រមាណជា ៧៥០នាក់កំពុងស្នាក់នៅ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 5, 2025